(ភ្នំពេញ)៖ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានរៀបចំបង្កើត «កម្មវិធីផ្តល់ប្រឹក្សាឌីជីថលស្តីពីអាហារូបត្ថម្ភ» ដោយមានការឧបត្ថម្ភគាំទ្រពីគម្រោងពហុវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ (GIZ Musefo)។
កម្មវិធីផ្តល់ប្រឹក្សាឌីជីថលស្តីពីអាហារូបត្ថម្ភនេះត្រូវបានប្រារព្ធពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Jose Kadel ឯកអគ្គរដ្ឋទូតស្តីទីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
បន្ទាប់ពីលោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានជម្រាបជូនអំពីដំណើរការនៃការបង្កើតកម្មវិធីផ្តល់ប្រឹក្សាឌីជីថល ស្តីពីអាហារូបត្ថម្ភរួចមក, លោក Jose Kadel ឯកអគ្គរដ្ឋទូតស្តីទីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានថ្លែងថា អាល្លឺម៉ង់មានមោទនភាពចំពោះកម្ពុជា ក្នុងការបង្កើតកម្មវិធីផ្តល់ប្រឹក្សាជាលក្ខណៈឌីជីថលបែបនេះ ដែលកម្មវិធីនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ ពិសេសគឺស្រ្តី ជាមាតា និងកុមារ ដែលមកពិនិត្យព្យាបាល និងប្រឹក្សាយោបល់នៅមណ្ឌលសុខភាព។
ឯកអគ្គរដ្ឋទូតស្តីទីអាល្លឺម៉ង់ បានបន្តថា អាល្លឺម៉ង់ នឹងបន្តគាំទ្រចំពោះកិច្ចការងារសុខាភិបាលជាមួយកម្ពុជា ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសុខាភិបាលដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្តោតសំខាន់ទៅលើគុណភាពសេវានៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងប្រទេស។
លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងថា ខេត្តកំពង់ធំ បានក្លាយជាខេត្តទី១ ដែលក្រសួងសុខាភិបាល បានជ្រើសរើសយកជាទីតាំងអនុវត្តកម្មវិធីឌីជីថលនេះដំបូងគេ និងមានមណ្ឌលសុខភាពមួយចំនួនទៀតនៅក្នុងខេត្តកំពតផងដែរ។
លោកស្រីវេជ្ជបណ្ឌិត បានក្រើនរម្លឹកឱ្យបុគ្គលិកសុខាភិបាលគប្បីយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវកម្មវិធីថ្មីនេះ ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋ ពិសេសគឺស្រី្តជាមាតា និងទារក ដែលអញ្ជើញមកប្រឹក្សាយោបល់នៅមណ្ឌលសុខភាព។
កម្មវិធីផ្តល់ប្រឹក្សាឌីជីថលស្តីពីអាហារូបត្ថម្ភ ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាកម្មវិធីទំនើបសម្រាប់គាំទ្រការប្រឹក្សាអាហារូបត្ថម្ភ ដើម្បីការត្រួតពិនិត្យការលូតលាស់ដោយអ្នកជំនាញសុខភាព និងផ្តល់នូវការយល់ដឹងកាន់តែច្បាស់អំពីបរិយាកាសសុវត្ថិភាព ចំពោះមាតា និងទារក។
កម្មវិធីនេះក៏មានគោលបំណងដើម្បីផ្តល់នូវធាតុចូល និងចំណេះដឹងអំពីរបបអាហារដែលមានសុខភាពល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីបង្កើតឥទ្ធិពលវិជ្ជមានលើអាកប្បកិរិយា និងការអនុវត្តរបស់គ្រួសារឆ្ពោះទៅរករបបអាហារមានតុល្យភាព បង្កើត និងលើកកម្ពស់គុណភាពនៃការប្រឹក្សាសេវាអាហារូបត្ថម្ភរបស់បុគ្គលិកសុខាភិបាល៕