(ភ្នំពេញ)៖ លោក តាំង សុខឃី ដែលបច្ចុប្បន្នជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី, ជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាអគ្គនាយកនៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក ត្រូវបានគណៈកម្មកាសហព័ន្ធកីឡារទេះរុញជនពិការកម្ពុជា សម្រេចតែងតាំងជា «អនុប្រធានកិត្តិយសសហព័ន្ធកីឡារទេះរុញជនពិការកម្ពុជា» ខណៈដែលកន្លងមកលោកមានស្នាដៃ បានជួយជ្រោមជ្រែងលើសកម្មភាពកីឡា ជាពិសេសជួយដល់ជនមានពិការភាព រហូតបានធ្វើឲ្យស្ថានភាពកីឡាជនពិការមានភាពរីកចម្រើនឥតឈប់ឈរ និងមានឱកាសបានចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ ហើយទទួលបាននូវមេដាយជូនជាតិមាតុភូមិទៀតផង។

ការតែងតាំងលោក តាំង សុខឃី ជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារទេះរុញជនពិការកម្ពុជា ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រកាសឡើងក្នុងពិធីជួបជុំអាហារសាមគ្គីសប្បុរសជន ដើម្បីរៃអង្គាសថវិកា ទ្រទ្រង់ដល់សហព័ន្ធកីឡារទេះរុញជនពិការកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ខណៈដែលគណកម្មការសហព័ន្ធសម្រេចផ្ដល់ជូនជាកិត្តិយសនេះ គឺក្នុងគោលបំណងដើម្បីឲ្យលោកមានតួនាទី និង សកម្មភាពជួយគាំទ្រ និងជួយទ្រទ្រង់ដល់សហព័ន្ធនៅក្នុងអាណត្តិឲ្យកាន់រីកចម្រើនបន្ថែមទៀត។

ជាមួយនឹងក្ដីរំភើបគួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់នេះ លោក តាំង សុខឃី បានថ្លែងថា លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលទទួលបានការទុកចិត្តពីគណកម្មការសហព័ន្ធ ប្រគល់ភារកិច្ចជាអនុប្រធានកិត្តិយស កីឡារទេះរុញជនពិការកម្ពុជានៅពេលនេះ ដល់រូបលោក។ លោកពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់ឱកាសដ៏ធំធេង ដើម្បីបានចូលរួមចំណែក កសាងនូវសមត្ថភាពបន្ថែម និងសកម្មភាពបន្ថែមទៀត ដល់បងប្អូនជនពិការភាព ហើយជាការបញ្ជាក់ជូននូវការផ្ដល់កម្លាំងចិត្តដល់ជនពិការកម្ពុជា ដែលមិនអាចខ្វះបាន។

លោក តាំង សុខឃី បានបញ្ជាក់បន្ថែមទៀតថា ការទទួលបានមេដាយជូនជាតិពីសំណាក់បងប្អូនកីឡាជនពិការនៅពេលនេះ សបញ្ជាក់ឲ្យឃើញថា ប្អូនៗក្មួយៗមានពិការភាពមែនពិត ប៉ុន្តែក្មួយៗបានប្រឹងប្រែងហ្វឹកហាត់ នៅក្នុងប្រភេទកីឡាបាល់បោះរទេះជនពិកានេះ រហូតបាននាំមកនូវមេដាយជាសក្ខីកម្មជូនដល់ជនរួមជាតិបានឃើញ។ ត្រង់នេះលោកចង់ទាញចំណាម់អារម្មណ៍ដល់យុវជន-យុវនារី ដែលមានកាយសម្បទារមាំមួន គួរកោតក្រែងបងៗដែលជាជនពិការទាំងអស់នេះ ព្រោះថ្វីត្បិតតែពិការមែន ប៉ុន្តែពួកគាត់បាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ ដែលជាប្រវត្តិសាស្ត្រត្រូវតែចង់ចាំទុក។

លោកបានរំលេចថា ដូច្នេះក្រោមការដឹកនាំក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះជនមានពិការភាព ហើយថ្ងៃនេះលោកពិតជាអរគុណណាស់ចំពោះក្មួយៗ ដែលបាននាំមកនូវមុខមាត់ និងកិត្តិយសជូនដល់ប្រទេសជាតិរបស់ខ្លួន។

សូមបញ្ជាក់ថា ជាមួយនឹងការឧបត្តម្ភទឹកប្រាក់រហូតដល់ ២ពាន់ដុល្លារនៅក្នុងកម្មវិធី លោក តាំង សុខឃី និងលោកស្រី ទ្រី ចិន្តា ជាភរិយា បានសន្យាថានឹងបន្តជួយដល់សហព័ន្ធមួយនេះ ឲ្យកាន់តែមានការរីកចំរើនទៅមុខ ហើយក្នុងនាមជាអនុប្រធានថ្មី ក៏នឹងជួយផ្សព្វផ្សាយពីកិច្ចការរបស់សហព័ន្ធ ឲ្យមានសប្បុរសជនគ្រប់ជាន់ថ្នាក់ចាប់អារម្មណ៍នឹងតម្រូវការរបស់សហព័ន្ធផងដែរ។ លោកបង្ហាញមោទនភាពយ៉ាងខ្លាំង ចំពោះការប្រកាសឲ្យក្លាយជាអនុប្រធានកិត្តិយស ហើយក៏រំពឹងថា កីឡាករ-កីឡាការិនីរទេះរុញជនពិការកម្ពុជា នឹងកាន់តែមានកម្លាំងចិត្ត និងឈានទៅដណ្ដើមបានមេដាយច្រើនឡើងៗ នៅលើឆាកអន្តរជាតិ សម្រាប់ការប្រកួតនាពេលបន្តបន្ទាប់។

នៅក្នុងរាត្រីទទួលទានអាហារសាមគ្គី ដើម្បីរៃអង្គាសថវិកានេះ មានវត្តមានចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ និងសប្បុរសជនគ្រប់ជាន់ថ្នាក់ ដែលធ្វើឲ្យពិធីទាំងមូលប្រមូលបានមូលនិធិជាច្រើន ជាប្រយោជន៍ដល់កីឡាករ និង សហព័ន្ធដែលកំពុងមានតម្រូវការ ជាពិសេសក្នុងពេលដឹកនាំកីឡាករ-កីឡាការិនី ចេញទៅប្រកួតនៅក្រៅប្រទេសម្ដងៗ៕