(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន៥៥គ្រួសារ ដែលកំពុងរស់នៅតំបន់បឹងទន្លេសាប ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានជម្រាបជូនប្រជានេសាទអំពីច្បាប់ស្ដីពីជលផល និងសេចក្តីណែនាំថ្មី របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការអនុញ្ញាតឲ្យមានការសម្របសម្រួលការប្រើប្រាស់ រកបានសាច់អួន ដែលមានប្រវែងវែងជាងមុន តែត្រូវអនុវត្តតាមទំហំក្រឡា និងទីតាំងគម្លាតដែលបានកំណត់ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ ហើយមិនអនុញ្ញាតដាច់ខាត ក្នុងការប្រើប្រាស់ឧបករណ៍នេសាទគ្រប់ប្រភេទ និងនេសាទនៅក្នុងតំបន់ឡូត៍អភិរក្សពូជត្រី និងតំបន់ហាមឃាត់។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះ ដែលរួមសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ រួមជាមួយប្រជានេសាទមួយចំនួន ដែលអនុវត្តបានល្អតាមច្បាប់ជលផល និងការណែនាំរបស់ស្ថាប័នជំនាញក្នុងការប្រកបមុខរបរនេសាទ។ ជាមួយនោះ កងកម្លាំងចម្រុះទាំងអស់បានរួមសហការគ្នា ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានលទ្ធផលប្រសើរ ដើម្បីរក្សាធនធានមច្ឆជាតិ ទុកសម្រាប់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។
លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ដែលនាំឲ្យមានទោសដល់ខ្លួន និងបង្កផលលំបាកដល់ក្រុមគ្រួសារនីមួយៗ និងសហគមន៍។ ដូច្នេះសំណូមពរត្រូវចូលរួមអនុវត្តតាមច្បាប់ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែគិតគូរដោះស្រាយ ចំពោះប្រជាពលរដ្ឋទូទៅ នៅគ្រប់ទិសទី ដើម្បីសង្គមជាតិយើងទាំងមូល។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាសាទ ដែលមានជីវភាពលំបាកខ្វះខាតទាំងចំនួន៥៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រី ទឹកស៉ីអ៉ីវ ចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ៕