(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកងកម្លាំងចុះត្រួតពិនិត្យសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក និងចុះសាកសួរសុខទុក្ខកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ, ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាប់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះសមិទ្ធផលនានា ដែលកងកម្លាំងសម្រេចបាននាពេលថ្មីៗនេះ រួមមាន កសាងជំរុំជំរកកន្លែងស្នាក់នៅ របង ក្លោងទ្វារ អគាររដ្ឋបាល បន្ទប់ ប្រចាំការ ផ្ទះបាយ បន្ទប់អនាម័យ រៀបចំតុបតែងមានសណ្តាប់ធ្នាប់ និងចាក់ដីលុបបំពេញដាំដើមឈើយ៉ាងមានសោភ័ណ្ឌភាព។
លោកបានណែនាំកម្លាំងអស់អស់ ពង្រឹងការគ្រប់គ្រងប្រមូលផ្ដុំដឹកនាំកងកម្លាំងអនុវត្តតួនាទីភារកិច្ចជាប្រចាំថ្ងៃ ដោយកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង, ត្រូវរៀបចំផែនការសកម្មភាព ដើម្បីជាត្រីវិស័យសម្រាប់អនុវត្តជោគជ័យ បែងចែកប្រគល់ភារកិច្ច ដល់មន្ត្រីគ្រប់ៗរូប តាមឋានានុក្រម ផ្លាស់ប្តូរវេនប្រចាំការ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល រង់ចាំទ្រោលសភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការងារផ្តល់សេវារដ្ឋបាល ការងារល្បាតតាមគោលដៅងាយរងគ្រោះ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយសហការជាមួយកម្លាំងប្រជាការពារ។
បន្ថែមពីនេះ ត្រូវចុះធ្វើរដ្ឋបាលតាមខ្នងផ្ទះប្រជាពលរដ្ឋ ចែកលេខទូរស័ព្ទសម្រាប់កិច្ចអន្តរាគមន៍ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ពួកគាត់ទំនាក់ទំនង់ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ពេលមានតម្រូវការចាំបាច់នាគ្រាដែលមាន ហេតុការណ៍ណាមួយ ដែលអាចកើតមានឡើងជាចៃដន្យ, ការអនុវត្តលើការងារនគរបាល និងសហគមន៍ ត្រូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្នុងការចុះជួបអ្នកពាក់ព័ន្ធ មានមេឃុំ ក្រុមប្រឹក្សាឃុំ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារនៅតាមគោលដៅដែលបានកំណត់។
លោកស្នងការ បានដាស់តឿនដល់កងកម្លាំងត្រូវផ្តោតសំខាន់លើការងារគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយសហការ ជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំសង្កាត់ ដើម្បីចុះផ្សព្វផ្សាយធ្វើវេទិកាសាធារណៈ និងបានជ្រើសរើសចងក្រងជាក្រុមប្រជាការពារ ព្រមទាំងបានដឹកនាំពួកគាត់ធ្វើសកម្មភាពការពារសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានជាប្រចាំផងដែរ តាមគោលការណ៍៕