(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅសៀលថ្ងៃ២២ ខែឧសភា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន៣ ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោក គួច ចំរើន បានផ្ដាំផ្ញើសាកសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។
លោកបានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ ប្រជាជនរងគ្រោះទាំង៣គ្រួសារ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខា បាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះ លោកបានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កគ្រោះ អគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។ លោកបានលើកទឹកចិត្ត ដល់ជនរងគ្រោះទាំងអស់ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង មិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។
លោកបានកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងបង្ការ និងពន្លត់អគ្គីភ័យទាំងអស់ ដែលបានសហការគ្នា ក្នុងការជួយពន្លត់អគ្គីភ័យមិនឱ្យមានការឆេះរីករាលដាលខ្លាំងបន្ថែមទៀត។
អំណោយដែលសាខាបានចែកជូនជនរងគ្រោះ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, កៅស៊ូតង់ ១ផ្ទាំង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ, ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់, សម្ភារផ្ទះបាយ ១ឈុត និងថវិកា១លានរៀល។
សូមបញ្ជាក់ថា នៅវេលាម៉ោង០០និង៣០នាទីថ្ងៃទី២២ ខែឧសភា នៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង៕