(ភ្នំពេញ)៖ យន្ដហោះប្រភេទថ្មី ATR72-600 របស់អាកាសចរណ៍ជាតិកម្ពុជា នឹងមកដល់ជាលើកដំបូង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាដើមសប្ដាហ៍ក្រោយនេះ។
តាមការគ្រោងទុក យន្ដហោះប្រភេទថ្មី ATR72-600 ខាងលើនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយការចូលរួមទទួលដោយបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។
សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រើប្រាស់យន្តហោះប្រភេទថ្មី ATR72-600 ចំនួន៣គ្រឿង នៅឆ្នាំ២០២៥។ ឥឡូវនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ យន្តហោះប្រភេទថ្មី ATR72-600 នឹងមកដល់១គ្រឿងមុនសិន៕