(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងរស្រេច ដើម្បីអន្តរាគមន៍ចាក់ជូនប្រជាពលរដ្ឋបន្ទាន់ ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។
ការណែនាំឱ្យត្រៀមវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋនេះ ដោយសម្តេចបវរធិបតី បានកត់សម្គាល់ថា បច្ចុប្បននេះ ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈកម្ពុជាក៏ចាប់ផ្តើមឆ្លងឡើងវិញផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង១លានដួស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម។
គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ខណៈនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតំបន់លើពិភពលោក ទើបតែបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីពិសេសពួក ជេអ៉ិន.១ (JN.1) ដែលបាននិងកំពុងមានការឆ្លងរីកដាលខ្លាំង។
ជាមួយគ្នានេះ លោកស្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ នៅពេលមានអាការក្ដៅខ្លួនដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩ ជាពិសេសជនដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ ចាស់ជរា អ្នកដែលមានជំងឺរាំរ៉ៃ និងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានករណីឆ្លងថ្មីចំនួន ៧នាក់៕