(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងពង្រីកប្រព័ន្ធសុវត្ថិភាពការពាររន្ទះបាញ់ នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ត្រីដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងបរិបទដែលគ្រោះធម្មជាតិដូចជា រន្ទះជាដើម កាន់តែមានភាពខ្លាំងជាងមុន ក្រសួង ស្ថាប័នដែលពាក់ព័ន្ធត្រូវសិក្សាឡើងវិញ អំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពការពាររន្ទះក្នុងតំបន់ទេសចរណ៍ ពិសេសតំបន់រមណីយដ្ឋានអង្គរ។
ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបាញ់ឆ្ពោះត្រង់ការណែនាំនេះ ទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរា ជាសេនាធិការត្រូវសហការជាមួយអាជ្ញាធរខេត្តសៀមរាប ដើម្បីអនុវត្តការងារនេះ។
សូមជម្រាបថា ការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពីពេលកន្លងទៅថ្មីៗនេះ មានហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ នៅតំបន់រមណីយដ្ឋានអង្គរ។
រំលងបានមួយថ្ងៃក្រោយហេតុការណ៍កើតឡើង ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប បានដឹកនាំមន្ដ្រីជំនាញ និងអាជ្ញាធរខេត្ត ចុះពិនិត្យ និងពង្រីកប្រព័ន្ធការពាររន្ទះនេះផងដែរ៕