(ភ្នំពេញ)៖ លោកស្រី Sara Wilshaw ស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា និងជាឧបការីអនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអភិវឌ្ឍធុរកិច្ចអន្តរជាតិនៃក្រសួងការបរទេសកាណាដា នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកាណាដាដ៏ធំបំផុតមិនធ្លាប់មាន មកកាន់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មពាណិជ្ជកម្មក្រុមកាណាដា សម្រាប់ឆ្នាំ២០២៥ (TCTM) ទៅកាន់ប្រទេសថៃ និងកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅរាជធានីភ្នំពេញ លោកស្រី Wilshaw នឹងមានការចូលរួមដោយតំណាងចំនួន ៩០ នាក់ មកពីស្ថាប័នកាណាដា ជាង៥០ ដែលស្វែងរកឱកាសពាណិជ្ជកម្ម និងភាពជាដៃគូ នៅក្នុងសេដ្ឋកិច្ចអាស៊ានដ៏រស់រវើកនេះ។ បេសកកម្មនេះបំពេញបន្ថែមលើទំនាក់ទំនងទ្វេភាគីដែលកាន់តែស៊ីជម្រៅ បន្ទាប់ពីដំណើរ ទស្សនកិច្ចផ្សព្វផ្សាយជំរុញការវិនិយោគទៅកាន់ប្រទេសកាណាដារបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីខែកញ្ញា ឆ្នាំ២០២៤។

ក្នុងនាមជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្រោមយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់កាណាដា និង យុទ្ធសាស្រ្តពិពិធកម្មពាណិជ្ជកម្ម, TCTM ជួយដល់ក្រុមហ៊ុននាំចេញ និងក្រុមហ៊ុនច្នៃប្រឌិតកាណាដា ឱ្យពង្រីកខ្លួនទៅកាន់ទីផ្សារយុទ្ធសាស្ត្រនៅកម្រិតសកល ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងកសាងភាពជាដៃគូរយៈពេលវែង ប្រកបដោយបរិយាបន្ន តាមរយៈការចូលរួមដោយផ្ទាល់ជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ និងភាគីពាក់ព័ន្ធក្នុងស្រុក៕