(ភ្នំពេញ)៖ រាជរដ្ឋាភិបាល កំពុងបង្ហាញសមិទ្ធផលនិងស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈកិច្ចប្រឹងប្រែងលើការជួយបង្កើនការងារដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នៅថ្ងៃទី២២ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីមួយក្នុងខេត្តព្រះសីហនុ ដែលជាតំបន់រីកចម្រើនផ្នែកឧស្សាហកម្ម និងដែលបានជួយទ្រទ្រង់ជីវិតកម្មករខ្មែរជាច្រើនម៉ឺននាក់។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

កម្មករប្រមាណជាង ៣0,000នាក់ បានប្រមូលផ្តុំគ្នានៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍សំខាន់មួយ នោះគឺការទទួលបាននូវក្រុមហ៊ុនវិនិយោគចំនួន២០០ នៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ នេះមិនមែនគ្រាន់តែជាការបង្ហាញពីភាពរឹងមាំខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ពោលគឺជាការគាំទ្រយ៉ាងខ្លាំងនូវទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត។

ថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃទី២២ ខែឧសភា សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ថា ការរីកចម្រើនការងាររបស់កម្ពុជា មិនមែនជាសំណាងនោះទេ ប៉ុន្តែជាលទ្ធផលនៃគោលនយោបាយប្រកបដោយចេតនា សន្តិភាព និងចក្ខុវិស័យរយៈពេលវែង៖

«យើងទទួលស្គាល់ចំណុចអវិជ្ជមាន ប៉ុនែ្តយើងក៏ទទួលស្គាល់ថាយើងមានចំណុចវិជ្ជាមានច្រើនណាស់ដែលបានធ្វើជាក់ស្តែង ៣ម៉ឺន២ពាន់នាក់ជាង ៣ម៉ឺន៣ពាន់នៅកន្លែងនេះ មិនមែនកើតឡើងដោយទេវតាជប់ឱ្យនោះទេ គឺកើតឡើងដោយដាក់ចេញគោលនយោបាយ រវាងសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំចិន បង្កើតរើសទីតាំងកន្លែងនេះ។ ២០០៨ ជាតំបន់សេដ្ឋកិច្ចពិសេសបានថ្ងៃនេះ យើងមាន៣ម៉ឺននាក់ជាង មានការងារនៅទីនេះមិនមែនកើតដោយសារចៃដន្យនោះទេ ដោយសារការខិតខំ។

ទោះបីគេជេរ គេដៀលថាទៅយកស្ពៃចោលអ្វីៗក៏ដោយ តែយើងមិនឈឺក្បាល អ្វីដែលសំខាន់យើងឈឺក្បាល ថាតើបងប្អូនយើងរាប់ម៉ឺននាក់បានការងារល្អឬនៅ? បានបៀវត្សថែមតិចច្រើន យើងបន្តទៅទៀត បានមានការឈឺស្កាត់ មាន ប.ស.ស. មានការគាំពារឬទេ ហើយទៅមុខ យើងខិតខំពង្រីកថែមទៀត ឱ្យតំបន់នេះកាន់តែមានការងារច្រើនជួយដល់បងប្អូនខ្មែរយើង។ នេះជាអ្វីដែលយើងឈឺក្បាលហាលថ្ងៃ។ បើមិនល្អខិតខំដោះស្រាយ តែបើថាស្អី កូនស្ពៃអី ទៅស្ពៃតែខ្លួនឯងទៅ!»។

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានក្រុមហ៊ុនជាង២០០ គឺជានិមិត្តរូបនៃការវិវត្តន៍ឧស្សាហកម្មរបស់កម្ពុជា។ ខេត្តព្រះសីហនុជាប់មាត់សមុទ្រ ទោះបីក្នុងសម័យអតីតកាលសង្គ្រាម ធ្លាប់ជាកន្លែងដែលរងការវាយប្រហារគ្នាស៊ីសាច់ហុតឈាមគ្នា រវាងអតីតកងទ័ពរដ្ឋាភិបាលជាមួយនឹងក្រុមតស៊ូទ័ពព្រៃយ៉ាងណាក៏ដោយ ប៉ុន្តែក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ និងចក្ខុវិស័យដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខេត្តព្រះសីហនុពេលនេះ ត្រូវបានប្រែក្លាយទៅជា «ប៉ូលសេដ្ឋកិច្ចទីពីរ» របស់ព្រះរាជាណាចក្រកម្ពុជា ជួយផ្តល់ប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណជាង១៧៨លានដុល្លារ និងបានចូលរួមចំណែកដល់បង្កើតការងារ នៅទូទាំងប្រទេសប្រមាណជាង ១.៨លាននាក់។

អ្វីដែលខុសប្លែកពីគំរូសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺគោលនយោបាយបើកចំហររបស់កម្ពុជាចំពោះការវិនិយោគពីគ្រប់ទិសទីនៃពិភពលោក ដែលជាអ្វីដែលសម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានប្រៀបប្រដូចជាបន្លែ ផ្លែឈើ សាច់គោ និងស្ពៃក្តោប ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់ជាតិ ដោយគ្មានចោលរបស់ណាមួយឡើយ៖

«យើងធ្វើការទាក់ទាញ…មិនវិនិយោគ មិនថាពីអាមេរិក មិនថាពីចិន ពីជប៉ុន ពីអឺរ៉ុប ពីអីទាំងអស់ យកទាំងអស់។ អាហារផ្លែឈើ ដាក់ក្នុងខ្លួនយើង ដើម្បីយើងជម្រុញសេដ្ឋកិច្ចជាតិយើង បង្កើតការងារជួយជម្រុញប្រាក់បៀវត្ស ជូនបងប្អូនរបស់យើងឱ្យបានច្រើន នេះគឺជាកិច្ចការសំខាន់។ ហើយសក្ខីភាពជាក់ស្តែង ៣ម៉ឺននាក់ជាងនៅអង្គុយនៅទីនេះ មិនមែន៣ម៉ឺននាក់ជាង ទៅជប់មកពីណា ហើយពាក់ផ្លាកជាកម្មករកម្មការិនីនៅទីនេះទេ។ គឺសុទ្ធតែភាគច្រើនធ្វើការនៅទីនេះ ហើយទាំងអស់ធ្វើការនៅទីនេះតែម្តង ដែលបានផលពីការប្រកាន់នយោបាយគឺថាយកទាំងសាច់គោ យកទាំងស្ពៃ យកទាំងបន្លែគ្រប់មុខ យកទាំងផ្លែឈើ ដើម្បីឱ្យជីវជាតិកាន់តែរីកកម្លាំងកាន់តែរឹងមាំ ការងារបងប្អូនកាន់តែកើន បៀវត្សកាន់តែកើនតទៅទៀត។

នេះគឺជាអ្វីដែលយើងត្រូវធ្វើ, នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ ហើយថែមទាំងនោះរាជរដ្ឋាភិបាលជាក់ថែម នូវគេថាគ្រឿងទេស ដើម្បីឱ្យបន្លែផ្លែឈើ និងឱ្យអាហារនឹងកាន់តែឆ្ងាញ់កាន់តែមាន កាន់តែមានជីវជាតិកាន់តែល្អ។ តើបានន័យថាម៉េច? រដ្ឋាភិបាលរៀបចំនូវគោលនយោបាយ ដាក់ចេញនូវគោលនយោបាយបន្ថែម ដូចឯកឧត្តម ហេង សួរ អញ្ចឹងគោលនយោបាយសុខភាព គោលនយោបាយគាំពារមាតាសង្គម និងទារក គោលនយោបាយបណ្តុះបណ្តាលឲ្យបងប្អូនកាន់តែល្អ បានន័យថា មិនត្រឹមតែរកការងារឱ្យបានទេ មិនត្រឹមតែបង្កើតនៅទីនេះទេ រៀបចំច្បាប់ការពារសិទ្ធិ អនុញ្ញាតឱ្យមានសហជីព ប្រតិភូបុគ្គលិកធ្វើការការពារចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងការងារដើម្បីដោះស្រាយបញ្ហាដែលមានវិវាទប្រឈមប្រសិនជាមានវិវាទផ្សេងៗ»។

សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព និងក្នុងនីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងកាន់តែល្អប្រសើរព្រមទាំងមានចំណូលកាន់តែខ្ពស់។ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច, បង្កើតរោងចក្រសហគ្រាស និងការងារជូនប្រជាពលរដ្ឋតែប៉ុណ្ណោះនោះទេ, រាជរដ្ឋាភិបាលក៏មានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងរោងចក្រសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត។

ជោគជ័យសេដ្ឋកិច្ចរបស់កម្ពុជាមិនមែនជាការកើតឡើងដោយចៃដន្យនោះទេ។ វាគឺជាផលិតផលនៃការរៀបចំជាច្រើនឆ្នាំ ការកសាងសន្តិភាព និងភាពជាដៃគូ។ រដ្ឋាភិបាលមិនត្រឹមតែទាក់ទាញការវិនិយោគប៉ុណ្ណោះទេ ថែមទាំងបានចិញ្ចឹមហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្មដែលជាកត្តាចាំបាច់ដើម្បីការទ្រទ្រង់រវាងគ្នាទៅវិញទៅមក៖

«ពីមុន យើងមាន១ម៉ឺននាក់ ឥឡូវយើងមាន១០ម៉ឺននាក់ជាង, ១០ឆ្នាំទៀត យើងអាចឡើងដល់៥០ម៉ឺននាក់នូវអ្នកដែលមានការងារបង្កើតការងារនៅខេត្តព្រះសីហនុរបស់យើងនេះ។ ហើយប្រជាពលរដ្ឋនៅទីនេះ កាន់តែមានភាពរីកចំរើនបន្ថែម ប្រទាក់ក្រឡាកាន់តែច្រើន នេះហើយ គឺជាការអភិវឌ្ឍប្រទេសរបស់យើងបន្តិចម្តងៗ។ យើងមិនអួត យើងនិយាយការពិត យើងមិនបានភូតកុហក ប៉ុន្តែនិយាយអ្វីដែលយើងធ្វើបាន តិចច្រើន យើងសប្បាយរីករាយ។ ១លាន៨សែននៅទូទាំងប្រទេស មិនតិចទេ, ១១ម៉ឺននាក់ក៏មិនតិចដែរ ព្រោះបើគ្រាន់តែអង្គុយទីនេះ ៣ម៉ឺននាក់ ហើយ៣ម៉ឺននាក់នេះ តើត្រូវចិញ្ចឹមប៉ុន្មានសែននាក់តទៅទៀត?

ជាកម្មករកម្មការិនីម្នាក់ អាចចិញ្ចឹមកូន អាចចិញ្ចឹមឱពុកម្តាយ អាចចិញ្ចឹមបាន ទាំងអ្នកនៅក្នុងផ្សារ ព្រោះបើយើងចេញទៅ, យកលុយទៅ, បើយើងមិនទិញបន្លែផ្លែឈើពីអ្នកផ្សារ ត្រូវទេ? ឬមួយក៏ធ្វើការងារផង ដាំបន្លែ ដាំស្រូវខ្លួនឯង…អត់ទេ ។ អញ្ចឹង គឺកម្មករចិញ្ចឹមកសិករ ចិញ្ចឹមអ្នកនេសាទ អញ្ចឹង គឺសេដ្ឋកិច្ចចំណូលដែលរាជរដ្ឋាភិបាល យកប៉ុន្មានរយលានមកចាក់នៅក្នុងហោប៉ៅប្រជាពរដ្ឋនៅទីនេះ, មួយឆ្នាំ ១៧៨លានគ្រា ន់តែនៅក្នុងតំបន់សេដ្ឋកិច្ច៥។ អញ្ចឹង១៧៨លាន នេះគឺដាក់ចូលទៅក្នុងហោប៉ៅបងប្អូនប្រជាពលរដ្ឋតែម្តង។»។

នៅពេលដែលនាវារបស់កម្ពុជា កំពុងបោះពួយឆ្ពោះទៅរកការក្លាយជាប្រទេសឧស្សាហកម្មពេញលេញស្របតាមចក្ខុវិស័យឆ្នាំ២០៥០នោះ រាជរដ្ឋាភិបាលត្រូវតែបន្តភាពប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការអភិវឌ្ឍនោះ។ ប្រសាសន៍របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នៅក្នុងខេត្តព្រះសីហនុ បានរំលចនូវភាព ច្បាស់លាស់ជាទីបំផុត នោះគឺការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺមិនមែនជាអព្ភូតហេតុនោះឡើយ។ បើប្រទេសគ្មានសន្តិភាព និងគ្មានការដឹកនាំប្រកបដោយចក្ខុវិស័យ របស់ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាច់ចង្កួតនាវាកម្ពុជាក្នុងពេលនេះទេ អនាគតរបស់កម្ពុជា នឹងអាចប្រទះនឹងព្យុះសង្ឃរា ដោយក្រុមធ្វើនយោបាយជ្រុលនិយមជាមិនខាន។ ក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងបង្កើតនូវគំនិតអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងការចង់ពន្លិចនាវាសន្តិភាពកម្ពុជា ដើម្បីសម្រេចនូវមហិច្ឆតានយោបាយរបស់ខ្លួន។

ដូច្នេះដើម្បីជួយបញ្ចៀសនូវព្យុះសង្ឃរាទាំងឡាយ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលតែងស្ថិតនៅជាមួយនឹងប្រជាជនតាំងពីដើមរៀងមក។ គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែជាក្តីសង្ឃឹម ដ៏រឹងមាំសម្រាប់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបច្ចុប្បន្ន និងអនាគតទេ ប៉ុន្តែបន្តមានតួនាទីជាមូលដ្ឋាននៃស្ថិរភាព និងការអភិវឌ្ឍជាតិ ជាពិសេសក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៧ គណបក្សនេះកំពុងបង្ហាញភាពឧត្តមរបស់ខ្លួន ក្នុងការដឹកនាំនាវាកម្ពុជាឈានដល់ការសម្រេចនូវមហិច្ឆតាចក្ខុវិស័យ២០៥០ ដោយមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយសមត្ថភាពខ្ពង់ខ្ពស់ក្នុងការដឹកនាំថែមទៀត។

ដូច្នេះភាពរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន មិនមែនជារឿងចៃដន្យនោះទេ វាជាលទ្ធផលនៃភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងគោលនយោបាយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា៕