(កែប)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានទទួលថវិកាប្រមាណជាង៨ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជន ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ តំណាងរាស្រ្តមណ្ឌលខេត្តកែប និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងចូលរួមពីសំណាក់ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប, លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ព្រមទាំងលោកឧកញ៉ា ឧកញ៉ា លោក-លោកស្រីសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធជាច្រើនរយនាក់។
នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា ដោយមានបេសកកម្មស្របច្បាប់ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ សាខា អនុសាខា នៅតែបានបន្តចូលរួម ដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាព មិនទុកនរណាម្នាក់ចោល មិនមានការរើសអើង សាខា អនុសាខា បានឆ្លើយតបភ្លាមៗទៅនឹងតម្រូវការជាក់ស្ដែងនៅតាមសហគមន៍រងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត។
បន្ថែមពីនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានចាត់ទុក «ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា» ជាទិវាមួយប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត ពោលគឺថ្ងៃដ៏មានសារៈសំខាន់មួយ ដែលយើងទាំងអស់គ្នារំលឹកដល់ប្រតិបត្តិការ មនុស្សធម៌, សន្តានចិត្តសប្បុរសប្រោសប្រណី និងស្មារតីជួយគ្នាទៅវិញទៅមក ចំពោះពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ និងមិនត្រឹមតែប៉ុណ្ណោះ ទិវានេះ ក៏ជាឱកាសជូនដល់សប្បុរសជនទាំងអស់ បង្ហាញនូវទឹកចិត្ត និងសមានចិត្តល្អប្រពៃ តាមរយៈការចូលរួមបរិច្ចាគមូលនិធិ ដើម្បីបុព្វហេតុមនុស្សធម៌ និងគុណតម្លៃមនុស្សជាតិផងដែរ។
ជាមួយគ្នានេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ចំពោះសមានចិត្ត ទឹកចិត្តប្រពៃថ្លៃថ្លា ក្នុងការចូលរួម បរិច្ចាគថវិកា និងធនធាននានា នាពេលកន្លងទៅ និងអំពាវនាវសូមមេត្តាបន្តវប្បធម៌ សិល្បៈ ចែករំលែកកាយវិការ និងសណ្តានចិត្តដ៏ល្អប្រពៃនេះ ធ្វើការបរិច្ចាគបន្តបន្ថែមទៀត ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកែប មានលទ្ធភាពបំពេញបេសកកម្មមនុស្សធម៌ ទទួលបានជោគជ័យផ្លែផ្កា លើកកម្ពស់គុណតម្លៃ និងសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ៕