(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលាខណ្ឌចំការមន មានប្រជាពលរដ្ឋប្រមាណ២០នាក់ បានស្នើសុំអន្តរាគមន៍ដោះស្រាយបញ្ហា តបណ្ដាញទឹកស្អាតតាមផ្ទះរៀងៗខ្លួន និងស្នើសុំប្លង់កម្មសិទ្ធដី ស្ថិតក្នុងអាងស្ដុកទឹកបឹងត្របែក ភូមិ៤ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីបានជួបពិភាក្សា រវាងរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋ ទទួលបានលទ្ធផល និងដំណោះស្រាយ ដូចខាងក្រោម៖

*ទី១៖ បញ្ហាដាច់ទឹកស្អាត គឺបណ្ដាលមកពីទុយោមេទឹកស្អាតលេចធ្លាយ រដ្ឋបាលខណ្ឌ បានទំនាក់ទំនងទៅក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីមកពិនិត្យ និងដោះស្រាយជូនរួចរាល់ ក្នុងនោះ ចំពោះការស្នើសុំតបណ្ដាញទឹកស្អាតតាមផ្ទះរៀងៗខ្លួន រដ្ឋបាលខណ្ឌចំការមន ពុំអាចអន្តរាគមន៍ជូនបានដោយមូលហេតុដី-ផ្ទះពួកគាត់ពុំមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវ

*ទី២៖ ចំពោះការស្នើសុំប្លង់កម្មសិទ្ធដី ស្ថិតនៅក្នុងផ្ទៃអាងស្ដុកទឹកបឹងត្របែក ពុំអាចផ្ដល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបាននោះទេ។ មូលហេតុដី-ផ្ទះរបស់ពួកគាត់ កំណត់ដោយអនុក្រឹត្យលេខ២២១ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្ដីពីការកំណត់ផ្ទៃអាងស្ដុកទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ

*ទី៣៖ ដោយឡែក ពាក់ព័ន្ធការដោះស្រាយផលប៉ះពាល់ នៃគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមការងារអន្តរក្រសួងបាននិងកំពុងដោះស្រាយផលប៉ះពាល់បានមួយចំនួនធំហើយ នៅឡើយតែប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនទាន់ទទួលយកសំណង។

ដូចនេះ រដ្ឋបាលខណ្ឌចំការមន សំណូមពរដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលយកសំណង មេត្តាអញ្ជើញរួសរាន់ ទទួលយកសំណងផលប៉ះពាល់ពីគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោង ឲ្យសម្រេចបានលទ្ធផល១០០ភាគរយ៕