(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សាសនិកឥស្លាមកម្ពុជា ចំនួនប្រមាណ៥៥០នាក់ហើយ បានចាកចេញពីកម្ពុជា ដើម្បីទៅបំពេញកាតព្វកិច្ចបុណ្យធម្មយាត្រាហាជី្ជ នៅអារ៉ាប៊ីសាអូឌីត ខណៈឆ្នាំនេះមានចំនួន១,២០០នាក់ ដែលទៅតាមរយៈក្រុមហ៊ុនឯកជន។
ក្រៅពីសាសនិកឥស្លាមប្រមាណ១,២០០រូបខាងលើ ក៏មានចំនួន១៧រូបផ្សេងទៀតផងដែរ ដែលទទួលបានព្រះរាជឧបត្ថម្ភ ពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន់ ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជា ដើម្បីទៅធ្វើបុណ្យហាជ្ជីសម្រាប់ឆ្នាំ២០២៥ ដែលជាភ្ញៀវរបស់ព្រះអង្គ គ្រោងនឹងចេញដំណើរនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដែលជាជើងចុងក្រោយ។
នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជា ចំនួន២០០រូប ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី៣ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ លោកទេសរដ្ឋមន្ត្រី បានជួបប្រាស្រ័យ សាកសួរសុខទុក្ខ ជាមួយសាសនិកឥស្លាមដ៏ច្រើនកុះករ ដែលបានមកជូនដំណើរសាច់ញាតិ ក្រុមគ្រួសារ មិត្តភក្ដិរបស់ខ្លួន ដែលអញ្ជើញមកពីគ្រប់ទិសទី ទាំងទីជិត ទីឆ្ងាយ។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ សាសនិកឥស្លាមកម្ពុជា ចំនួនទាំង១,២០០នាក់ខាងលើ ចំណាយថវិកាសរុបចំនួនជាង៦,៦០០,០០០ដុល្លារអាមេរិក ដោយក្នុងម្នាក់ៗ ចំណាយថវិកាប្រមាណជាង៥,៥០០ដុល្លារអាមេរិក សម្រាប់ធ្វើបុណ្យហាជ្ជ ដែលនឹងស្នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេល៤០ថ្ងៃ សម្រាប់អ្នកដែលទៅតាមរយៈក្រុមហ៊ុនឯកជន ខណៈសាសនិកឥស្លាមទទួលបានការឧបត្ថម្ភពីព្រះចៅសាល់ម៉ាន គឺរយៈពេល១៥ថ្ងៃប៉ុណ្ណោះ។
លោកបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កន្លងទៅអ្នកទៅធ្វើបុណ្យហាជ្ជ មានចំនួនត្រឹមតែ៩៦៥នាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៥នេះ មានការកើនឡើងចំនួនជាង២០០នាក់។ ក្នុងន័យនេះ ទេសរដ្ឋមន្ត្រីគ្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងហាជ្ជី និងអ៊ុរ៉ោះអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំបង្កើនចំនួនអ្នកទៅធ្វើហាជ្ជីបន្ថែមទៀត ចន្លោះពី១,៥០០ទៅ២,០០០នាក់ សម្រាប់ឆ្នាំក្រោយៗទៀត ខណៈកន្លងមកកម្ពុជាមានកូតាត្រឹម១,២០០នាក់ប៉ុណ្ណោះ។
លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រី ក៏ដូចជាសហគមន៍ឥស្លាមកម្ពុជាទាំងអស់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមោទនភាពជាខ្លាំង ដែលបានរស់នៅក្នុងប្រទេសមួយ ដែលមានសុខសន្តិភាព សិទ្ធសេរីភាពគ្រប់បែបយ៉ាង និងមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមានភាពងាយស្រួលក្នុងការចេញដំណើរទៅប្រតិបត្តិសាសនា។ លោកផ្តាំផ្ញើ និងជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជនាថ្ងៃនេះ ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។
សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្វបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕