(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្ដ ដែលមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំង៦ ចំណុះនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំឲ្យពង្រឹងការងារគ្រប់គ្រងវត្តមានមន្ត្រី, ពង្រឹងរបៀបរបបការងារ, ពង្រឹងរបៀបរបបកិច្ចប្រជុំ តាមបណ្ដាការិយាល័យជំនាញទាំង៦, ពង្រឹងការគ្រប់គ្រងអាវុធឱ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់គ្រប់គ្រងលំហូរឯកសារចេញ-ចូល ពិសេសត្រូវអនុវត្តរាល់ចំណាររបស់ថ្នាក់ដឹកនាំ។
ដោយឡែក ចំពោះទិសដៅការងារបន្ដវិញ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានបានណែនាំឲ្យបង្កើនកិច្ចសហការជាមួយក្រុមហ៊ុន និងសហគ្រាសគ្រឹះស្ថាន, រៀបចំផែនការ ដើម្បីចុះបច្ចុប្បន្នភាព តាមបណ្តាក្រុមហ៊ុនផ្ដល់សេវាកម្ម និងតាមបណ្តាសហគ្រាស គ្រឹះស្ថាននានា ដែលប្រើប្រាស់ និងជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន, បន្តបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន។
លើសពីនេះ ត្រូវបន្តជំរុញឲ្យភ្នាក់ងារសន្តិសុខឯកជន ចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងបន្តត្រួតពិនិត្យជាប្រចាំ លើការប្រើប្រាស់ឯកសណ្ឋានរបស់ភ្នាក់ងារសន្តិសុខឯកជន ដែលខុសពីគោលការណ៍កំណត់។ នេះបើតាមការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី៕