(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ដ្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស «សម្រស់កម្ពុជា-ជាំងស៊ូ» នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍, លោក ស៊ូ ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន, លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន, តំណាងអង្គទូតនៃប្រទេសជាមិត្ត ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។ ពីធីនេះក៏មានបង្ហាញនូវការសម្តែងសិល្បៈ ដោយសិល្បករ សិល្បការនីនៃប្រទេសកម្ពុជា និងប្រទេសចិន ដែលឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។

សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»៕