(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
យើងខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែង សូមប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនសម្តេចអគ្គមហាពញាចក្រី សូមមានកម្លាំងពលានុភាព បញ្ញា ញាណភ្លឺថ្លា និងសូមសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
យើងខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាពញាចក្រី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញា ក្នុងការជួយ ដឹកនាំយ៉ាងសកម្មកសាង ការពារ ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល ជូនចំពោះ សម្តេច អគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកបតែ នឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕