(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមកម្មវិធីដូចជា៖ (១) កិច្ចប្រជុំលើកទី១០៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន, (២) កិច្ចពិភាក្សាតុ​មូលនាយកប្រតិបត្តិអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន, (៣) កិច្ចប្រជុំភាពជាដៃគូរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

ទន្ទឹមនឹងនេះក្នុងនាមជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានកម្ពុជា ចូលរួមកិច្ចសន្ទនា​រវាងថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទគូឡាឡាំពួរ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡាស៊ី។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នឹងរាយការណ៍ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អំពីអនុសាសន៍សំខាន់ៗរបស់ក្រុមប្រឹក្សានេះ ដោយផ្តោតជាសំខាន់លើ ចំនុច អាទិភាពទាំងឡាយ​ក្នុងការលើកកម្ពស់សមាហរណកម្មអាស៊ាននិងភាពធន់នឹងវិបត្តិ។ ក្រៅពីនេះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចពិភាក្សា និងជំនួបពាណិជ្ជកម្មផ្សេងៗទៀត ដើម្បីជំរុញទំនាក់ទំនង​ជាមួយសហគមន៍ធុរកិច្ចក្នុងអាស៊ាន៕