(ព្រៃវែង)៖ ករណីរថយន្ដក្រុងវៀតណាម បើកបរលើកំណាត់ផ្លូវជាតិលេខ១ បានបង្កជាក្ដីបារម្ភជាខ្លាំងចំពោះប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយសារតែអ្នកបើករថយន្ដក្រុង ដែលភាគច្រើនជាជនជាតិវៀតណាម តែងប្រើប្រាស់ល្បឿនលឿន និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាញញឹកញាប់ ហើយពេលខ្លះបានជ្រុលទៅបង្កគ្រោះថ្នាក់ជាមួយអ្នកដំណើរផ្សេងទៀតផងដែរ។
ជាមួយនឹងក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងការសំណូមពររបស់ប្រជាពលរដ្ឋ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាភូមិសាស្ដ្ររថយន្ដ ក្រុងទាំងនោះឆ្លងកាត់ ក៏បានធ្វើសកម្មភាពឃាត់រថយន្ដដែលបើកបរល្មើស មកធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកបើកបរ ពិសេសធ្វើយ៉ាងណាឲ្យបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍របស់កម្ពុជា។
តាមការពិនិត្យរបស់នគរបាលជំនាញ បានបញ្ជាក់ថា អ្នកបើកបរក្រុងវៀតណាមទាំងអស់នោះ គឺមានប័ណ្ណបើកបរត្រឹមត្រូវ និងមានឯកសារបញ្ជាក់គ្រប់គ្រាន់។ ប៉ុន្ដែគ្រាន់តែបើកបរជាក់ស្ដែងរបស់ពួកគាត់ ហាក់មានការធ្វេស ប្រហែស ពិសេសការប្រើប្រាស់ល្បឿនលើសកំណត់ និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដែលបង្កជាក្ដីព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។
ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានអះអាងថា លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នគរបាលចរាចរណ៍ ដែលឈរជើងអនុវត្តច្បាប់លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ដ្រខេត្តព្រៃវែង បន្ដយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំចំពោះរថយន្ដដែលបើកបរល្មើស ក្នុងនោះមានទាំងរថយន្ដក្រុងធុនធំវៀតណាមផងដែរ។
បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន, កន្លងទៅនគរបាលចរាចរណ៍ខេត្តព្រៃវែង ក៏បានឃាត់រថយន្ដក្រុងទាំងនោះដែលល្មើសច្បាប់ ដើម្បីត្រួតពិនិត្យឯកសាររបស់អ្នកបើកបរ និងបានរកឃើញថា តៃកុងឡានទាំងនោះ មានប័ណ្ណបើកបរត្រឹមត្រូវ និងមានឯកសារបញ្ជាក់គ្រប់គ្រាន់ ប៉ុន្ដែនគរបាលជំនាញបានធ្វើកិច្ចសន្យាអប់រំណែនាំ ដើម្បីឲ្យអ្នកបើកបរទាំងនោះបញ្ឈប់ការបើកបរក្នុងស្ថានភាពគ្រោះថ្នាក់បន្ដទៀត។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានសំណូមពរសមត្ថកិច្ចដែនដីទាំងក្នុងភូមិសាស្ដ្រខេត្តកណ្ដាល, ខេត្តព្រៃវែង និងខេត្តស្វាយរៀង បង្កើនវិធានការម៉ឺងម៉ាត់ចំពោះអ្នកបើកបររថយន្ដក្រុងវៀតណាមរូបណា ដែលបើកបរល្មើសច្បាប់ ប្រមាថដល់អាយុជីវិតអ្នកដទៃ ព្រោះការធ្វេសប្រហែសត្រឹមមួយវិនាទីរបស់អ្នកបើកបរទាំងអស់ អាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ផ្លូវដូចគ្នា៕