(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង។
ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
នាឱកាសនោះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌា តាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់នូវគម្រោងបំពាក់ឧបករណ៍ផ្តល់ ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់រួមចំណែកជួយសម្រួលបញ្ហាខ្វះខាតថាមពលអគ្គិសនីជូនប្រជាពលរដ្ឋនៅជនបទនៃប្រទេសកម្ពុជា។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា នេះជាគម្រោងមួយដ៏សំខាន់ដែលរដ្ឋាភិបាលឥណ្ឌា ផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជា ដែលជាគម្រោងទទួលផលភ្លាមៗ។ ដូច្នេះ ក្រសួងព័ត៌មាន ក្នុងនាមជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាំយកគម្រោងនេះមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឆ្ងាយពីទីប្រជុំដែលខ្វះថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បើទោះបីជាការផ្តល់ជូននេះមិនទាន់ឆ្លើយតបទាំងស្រុងនៃសេចក្តីត្រូវការក៏ដោយ ប៉ុន្តែ វាបានចូលរួមចំណែកកាត់បន្ថយការលំបាកផងដែរ។
ប្រធានក្រុមការងារ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ បានបន្តយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាក់ស្តែងការខិតខំប្រឹងកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ក្រោមដំបូលសន្តិភាពពេញលេញ។
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា គំនិតផ្តួចផ្តើមនេះ អនុវត្តក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា គឺជាសក្ខីភាពមួយចំពោះភាពជាដៃគូជិតស្និទ្ធ និងរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា។ អគ្គិសនីមិនមែនជាល្អឥតខ្ចោះទៀតទេ តែវាជាតម្រូវការមូលដ្ឋានដែលជួយអភិវឌ្ឍដល់សហគមន៍។
ឯកអគ្គរដ្ឋទូត បានលើកឡើងថា លទ្ធភាពទទួលបានថាមពលស្អាត និងគួរឱ្យទុកចិត្តធ្វើឱ្យសុខភាពប្រសើរឡើង គាំទ្រការអប់រំ ជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព។ គម្រោងនេះនឹងជួយកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីល និងការចំណាយថាមពលក្នុងគ្រួសារមានកម្រិតទាប ហើយរួមចំណែកដល់គោលដៅនិរន្តរភាពបរិស្ថានរបស់កម្ពុជា។
«យើងមានមោទនភាពដែលតាមរយៈ គម្រោងទទួលផលរហ័សនេះ យើងមិនត្រឹមតែនាំមកនូវថាមពលដល់គេហដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់អនាគតដ៏ភ្លឺស្វាង និងបៃតងផងដែរ»។ នេះជាការបញ្ជាក់របស់ឯកឧត្តម វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង។
គម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ កំពុងបន្តអនុវត្តយ៉ាងសកម្ម និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងផែនការគម្រោងនេះនឹងបំពាក់ប្រព័ន្ធ អគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យតាមផ្ទះប្រជាពលរដ្ឋ ចំនួន ៦០ខ្នងផ្ទះ នៅទូទាំង ៩ភូមិ ដែលបាននឹងកំពុងដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗ។ ជាមួយគ្នានោះដែរ ក៏មានការដំឡើងបង្គោលបំភ្លឺផ្លូវសាធារណៈដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន ៣៥បង្គោល ដែលបាននិងកំពុងដាក់ឱ្យប្រើប្រាស់នៅកន្លែងមានតម្រូវការចាំបាច់ៗក្នុងឃុំ។
ការអនុវត្តគម្រោងនេះត្រូវបានបែងចែកជា ២ដំណាក់កាលដោយដំណាក់កាលទី១ បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវការបំពាក់ប្រព័ន្ធអគ្គិសនីតាមខ្នងផ្ទះដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ២៥ខ្នងផ្ទះ និងដំឡើងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ១៨បង្គោល៕