(ព្រៃវែង)៖ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី/ខេត្ត និងជាបេសកជនពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសទទួលស្គាល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ១៣២នាក់ ស្រី៩១នាក់ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមកពីគណបក្សប្រឆាំង។

ពិធីនេះមានការចូលរួមពី លោក ឡុង ផាត អនុប្រធានគណៈកម្មាធិការគណបក្សខេត្តតំណាងលោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង, លោក ជាម ប៉េអា អនុប្រធានទី១ ក្រុមការងារតំណាង លោកបណ្ឌិត តុប នេត ប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល និងលោកបណ្ឌិត ឃួន សុវណ្ណ តំណាងឲ្យក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្ត ព្រមទាំងលោក លោកស្រី ដែលជាក្រុមការងារជាច្រើនរូបទៀតផងដែរ។

ចំពោះមុខអង្គពិធី លោក យូ សិរីវុឌ្ឍ បានស្វាគមន៍សមាជិកបក្សថ្មី និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានលើកឡើងថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋ ទទួលបានការអភិវឌ្ឍប្រទេសរីកចម្រើនស្ទើរគ្រប់វិស័យ។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការបន្តដឹកនាំរាជរដ្ឋាភិបាលដ៏ស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនសង្គមជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ ក្នុងការដឹកនាំដ៏គួរឱ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។

បន្ថែមលើសពីនេះ លោក បានអំពាវនាវដល់បងប្អូនសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាថ្មីទាំងអស់ ត្រូវរួបរួមសាមគ្គីស្រឡាញ់រាប់អានគ្នាត្រូវមានមនសិការ ស្រឡាញ់ជឿជាក់ និងពង្រឹងនូវភាពរឹងមាំរបស់គណបក្ស ព្រមទាំងចូលរួមគោរព និងអនុវត្តតាមមាគ៌ាដឹកនាំរបស់គណបក្សឱ្យបានខ្ជាប់ខ្ជួន កុំជឿឬស្តាប់ការញុះញង់របស់ជនអគតិណាមួយឡើយ។

ជាមួយគ្នានេះ តំណាងសមាជិកសមាជិកាថ្មីរបស់បក្ស បានសម្តែងនូវភាពស្មោះត្រង់អស់ពីដួងចិត្ត គោរពតាមគោលការណ៍អនុវត្តដោយឈរលើមាគ៌ាដឹកនាំរបស់គណបក្ស និងប្រកាសថ្កោលទោសប្រឆាំងដាច់អហង្ការ ចំពោះរាល់ការញុះញ៉ង់បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងបំភ្លៃការណ៍ពិត ចំពោះការដឹកនាំគណបក្សប្រជាជនកម្ពុជា។

យោងតាមរបាយការណ៍គណបក្សស្រុកស៊ីធរកណ្តាល បានឲ្យដឹងថាចលនាកសាងសមាជិកបក្សថ្មីចេញពីគណបក្សនានាដែលធ្វើសកម្មភាពក្នុងស្រុក សុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំ សរុបរួម ៣០៩នាក់ ស្រី ១៩៦នាក់ ហើយបានធ្វើពិធីបញ្ចូល សមាជិកបក្សតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងគណបក្សបានចំនួន ៨លើក ស្មើ១៧៧នាក់ ស្រី ១០៥នាក់ ហើយនឹងត្រូវបញ្ចូលលើកទី៩ នាឱកាសនេះបន្ថែមទៀតចំនួន ១៣២នាក់ ស្រី ៩១នាក់ ។

ជាមួយគ្នានេះ គណបក្សស្រុកស៊ីធរកណ្ដាល បានថ្លែងអំណរគុណចំពោះក្រុមការងារចលនាកសាងសមាជិកគណបក្សគ្រប់ថ្នាក់ ដែលបានសហការយ៉ាងល្អជាមួយគណបក្សមូលដ្ឋានភូមិ ឃុំ ស្រុក ជាពិសេសលោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារជានិច្ចកាលបានចុះធ្វើសកម្មភាព នៅតាមបណ្តាឃុំនានាក្នុងស្រុកស៊ីធរកណ្តាល ទទួលបានលទ្ធផលច្រើននាពេលកន្លងមក៕