(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំទិវាសុខភាពពេលមករដូវឆ្នាំ២០២៥ ដើម្បីរួមគ្នាលុបបំបាត់ការមាក់ងាយ ការរើសអើង ការមិនបានយកចិត្តទុកដាក់ និងកាត់បន្ថយកង្វះខាតសម្ភារៈអនាម័យពេលមករដូវ ក៏ស្របគ្នាជាមួយការលើកកម្ពស់សុខភាព ស្រ្តីនិងក្មេងស្រី និងជាការអំពាវនាវឱ្យមានសមធម៌អំឡុងពេលមានរដូវរបស់ស្ត្រី និងក្មេងស្រី។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សាំង សុផល ប្រធានការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំយុវជន និងកីឡា តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និងមានការចូលរួមពីលោក វេជ្ជ ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោក ចៅ វិរៈយុទ្ធ នាយកវិទ្យាល័យឫស្សីកែវ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អ្នកតស៊ូមតិ អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សប្រមាណជាង ៣០០នាក់។
នាឱកាសនោះលោក សាំង សុផល បានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពសុខភាពក្មេងស្រី និងស្ត្រី គ្រប់រូបភាព សង្គម នយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការ ។
រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដ៏សកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គោលជំហរនយោបាយនេះ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាពដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីកម្ពុជាត្រូវបាន ដាក់ចេញ អនុវត្តយ៉ាងសកម្ម។
លោក សាំង សុផល បានបន្ថែមថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយ គតិបណ្ឌិត ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការដឹកនាំ គ្រប់គ្រង និងសម្របសម្រួល ជំរុញឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលរួមមានគណៈកម្មាធិការសុខភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់ ទូទាំងប្រទេស រួមជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គមស៊ីវិល ដើម្បីពង្រឹងសុខភាព ស្ត្រី និងក្មេងស្រី និងផ្តល់សមធម៌អំឡុងពេលមានរដូវរបស់ស្ត្រី និងក្មេងស្រី។
បើតាមលោក វេជ្ជ ចន ផាន់ណា នៅទូទាំងពិភពលោក ស្ត្រី និងកុមារី ជាពិសេសក្នុងអនុតំបន់អាហ្រ្វិកសាហារ៉ា ប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ខ្លាំង។ កង្វះការទទួលបានសំឡីនាម័យបង្ខំឱ្យក្មេងស្រីជាច្រើនខកខានមិនបានចូលរៀន និងបោះបង់ចោលការសិក្សា បោះបង់ការងារ។ ទាំងនេះហើយដែលនាំមានកើនឡើងនូវទំនាក់ទំនងមានការរួមភេទ ជាមួយការខ្វះខាតជំនាញក្នុងការចរចាការរួមភេទប្រកបដោយសុវត្ថិភាព និងមិនមានហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍។
អង្គការ AHF រំលឹកទិវាសុខភាពពេលមករដូវទូទាំងពិភពលោកនេះ គឺជាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្តក្នុងការបង្ការការឆ្លងមេរោគអេដស៍ឲ្យកាន់តែទូលំទូលាយទំនាក់ទំនងសុខភាពពេលមករដូវ និងមេរោគអេដស៍ ហើយលើកកម្ពស់លទ្ធភាពក្នុងការទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ព្រមទាំងការរួមបញ្ចូលព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងបន្តពូជ ធានាស្ត្រី និងកុមារី/អ្នកដែលមករដូវទទួលបានសំឡីអនាម័យ ស្រោមអនាម័យ និងការថែទាំសំខាន់ៗផងដែរ។
បើតាមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ មានប្រជាជនប្រមាណជិត២ពាន់លាននាក់ មានរដូវនៅទូទាំងពិភពលោក ប៉ុន្តែក្នុងនោះមាន ៥០០លាននាក់ជួបប្រទះភាពលំបាកក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ខ្វះកន្លែងសុវត្ថិភាព និងខ្វះអនាម័យ និងការទទួលយកសហគមន៍។ ឧបសគ្គទាំងនេះ រួមជាមួយនឹងការមាក់ងាយ អាចនាំទៅរកលទ្ធផលប៉ះពាល់សុខភាព ការបោះបង់សាលារៀន និងផលប៉ះពាល់សុខភាពផ្លូវចិត្ត៕