(កំពង់ធំ)៖ រោងចក្រផលិតទឹកស្អាតតាំងក្រសាំង ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ តម្លៃ៧លានដុល្លារ ដែលមានសមត្ថភាពផលិតទឹកស្អាតប្រមាណ ៤ ៤០០ ម៉ែត្រគីបក្នុងមួយថ្ងៃ នឹងបញ្ចប់ការសាងសង់ និងដាក់ដំណើរការនៅចុងឆ្នាំ២០២៥ នេះ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅទូទាំងស្រុក សន្ទុកទាំងមូល។

លោកស្រី ឡេង សុភា អគ្គនាយករដ្ឋាករទឹក ស្ទោង និងតាំងក្រសាំង បានឱ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាំងក្រសាំង ស្ថិតនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ គឺជាសហគ្រាសសាធារណៈ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកដំណើរការសាងសង់ កាលពីចុងឆ្នាំ២០២៤ ដែលគិតមកទល់ពេលសម្រេចការសាងសង់បាន២០ ភាគរយហើយ។

លោកស្រីបានឱ្យដឹងថា គម្រោងទឹកស្អាតតាំងក្រសាំងនេះ បានចំណាយថវិកាក្នុងការសាងសង់ មានទឹកប្រាក់ប្រមាណ ៧ លានដុល្លារ ក្រោមជំនួយឧបត្ថម្ភរបស់ធនាគារពិភពលោក។

រោងចក្រផលិតទឹកស្អាតដែលមានសមត្ថភាពផលិតប្រមាណ ៤ ៤០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងគម្រោងសាងសង់ស្ថានីយ៍បូមទឹកឆៅមួយកន្លែងទៀត មានសមត្ថភាពផលិតជាង ៤ ៨០០ ម៉ែត្រគីបក្នុងមួយថ្ងៃ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ។

លោកស្រីបានឱ្យដឹងថា បន្ទាប់ពីរោងចក្រនេះបានសាងសង់រួចរាល់ នឹងអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋនៅទូទាំងស្រុកសន្ទុក ដែលមានចំនួន៦ឃុំ ស្មើប្រមាណ ៧២ ភូមិ ដែលមានប្រជាពលរដ្ឋ១ម៉ឺន៥ពាន់គ្រួសារ បន្ថែមលើគម្រោងដែលមានស្រាប់។

លោកស្រីបានបញ្ជាក់បន្ថែមថា «នេះគឺជារោងចក្រផលិតទឹកស្អាតទី២ ដោយរោងចក្រទី១ មិនមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋបានគ្រប់គ្រាន់ ដោយមានសមត្ថភាពផលិតទឹកស្អាតក្នុងបរិមាណ១៣០០ម៉ែត្រគីម ក្នុងមួយថ្ងៃប៉ុណ្ណោះ»។

សូមជម្រាបថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតតាំងក្រសាំង និងពិនិត្យមើលទីតាំង ប្រតិបត្ដិករទឹកស្អាត លោក ឆេង ចាន់ធឿន មួយកន្លែងទៀត ស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំផងដែរ។

ក្នុងឱកាសនោះ លោកបានជំរុញឱ្យប្រតិបត្តិករយកចិត្តទុកដាក់ពង្រីកបណ្តាញ ជំរុញការតភ្ជាប់ និងលើកទឹកចិត្តឱ្យរៀបចំផែនទីបណ្តាញទុយោក្នុងទម្រង់ឌីជីថល ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការគ្រប់គ្រង កាត់បន្ថយការលេចធ្លាយ និងការខូចខាតដែលអាចបង្កដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

លោកហែម វណ្ណឌី បានលើកឡើងបន្តថា«គោលដៅរបស់យើងគឺផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស ពិសេសភូមិដែលនៅជិតតំបន់សេវា។ ទឹកស្អាតមានសារៈសំខាន់ មិនត្រឹមតែសម្រាប់សុខភាពសាធារណៈប៉ុណ្ណោះទេ តែក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការទាក់ទាញសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគសម្រាប់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។»

 

សូមជម្រាបផងដែរថា ក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាតនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានគិតគូរដល់ការពង្រឹងសមត្ថភាពផលិត និងការផ្តល់សេវា ផ្គត់ផ្គង់ទឹកស្អាតនៅគ្រប់តំបន់ទីប្រជុំជន រហូតដល់ទីជនបទដទៃទៀត សម្រាប់ការប្រើប្រាស់ទូទៅដល់សាធារណជន ដោយពង្រឹង និងនូវធានាប្រសិទ្ធភាពនៃការផលិត ការចែកចាយ និងការធ្វើអាជីវកម្មប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ គិតត្រឹមឆ្នាំ ២០២៤ ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេស មានប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលទទួលបានប្រកាសអនុញ្ញាតពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៤៥៤ ប្រកាស ដែលក្នុងនោះមានរដ្ឋាករទឹកសាធារណៈចំនួន ១១ (ស្មើនឹង១៤ប្រកាស) រួមមាន៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, រដ្ឋាករទឹកស្វយ័តសៀមរាប, ស្ទឹងត្រែង, បាត់ដំបង, កំពង់ចាម, ក្រុងស្ទឹងសែន, កំពត, មណ្ឌលគិរី, ពោធិ៍សាត់, ស្វាយរៀង និងរដ្ឋាករទឹកស្ទោង-តាំងក្រសាំង និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន មាន ចំនួន សរុប ៤៤០ប្រកាសផងដែរ៕