(ភ្នំពេញ)៖ ក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានបន្តរកឃើញបញ្ហាបំពុលបរិស្ថាន របស់ក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.និងក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ។ ក្រុមហ៊ុនទាំង២ ផលិតដំណាប់ស្វាយ និងមានទីតាំងនៅភូមិសាស្រ្តឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថា ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. បានធ្វើការបង្ហូរសំណល់រាវ មិនបានសម្អាតត្រឹមត្រូវចូលអូរពាមទុង ដោយផ្ទាល់ដែលបានបង្កឱ្យមានបញ្ហាក្លិនស្អុយ ធ្វើឱ្យខូចប្រភពទឹកប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាង១០០គ្រួសារ។

ដោយឡែកក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ត្រូវបានក្រុមការងាររកឃើញថាបានបង្ហៀរសំណល់រាវ មិនបានសម្អាតចេញពីស្រះស្តុក ចូលទៅតាមទីវាលទំនាប ស្ថិតនៅចំហៀងផ្នែកខាងកើតទីតាំងក្រុមហ៊ុន បន្ទាប់មកបានហូរបន្តចូលប្រឡាយសាធារណៈ រួចហូរធ្លាក់ចូលក្នុងអូរធម្មជាតិឆ្ពោះទៅទំនប់ទឹកពាមទុងផងដែរ។ បញ្ហានេះ បានបង្កឱ្យមានបញ្ហាក្លិនស្អុយ ប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងតំបន់។

សូមបញ្ជាក់ថា ក្រុមហ៊ុនទាំង២នេះ បានប្រព្រឹត្តល្មើសនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៦៤៤ និងមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ នៅក្នុងពេលនេះ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ដូចតទៅ៖

១-តម្រូវឱ្យផ្អាកបញ្ខេញសំណល់រាវ ពីទីតាំងក្រុមហ៊ុន ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន និងត្រូវធ្វើការបិទភ្ជិតប្រឡាយ បង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន

២-ត្រូវរងពិន័យអន្តរការណ៍តាមច្បាប់កំណត់ជាធរមាន
៣-ត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាតបរិស្ថាន

៤-ត្រូវធ្វើការស្តារសំណល់រាវ និងសំអាតបរិស្ថាន តាមដងអូរពាមទុងឱ្យមានភាពល្អប្រសើឡើងវិញ

៥-ត្រូវរៀបចំអាងប្រព្រឹត្រិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ក្រោយការសាងសង់អាងរួច ត្រូវធ្វើការបំពាក់ឧបកណ៍ស្វ័យត្រួតពិនិត្យ និងស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពីក្រសួងបរិស្ថាន

៦-ត្រូវគ្រប់គ្រងសំណល់រឹង សំបក និងគ្រប់ស្វាយឲ្យបានត្រឹមត្រូវមានទីតាំងទុកដាក់ ដឹកជញ្ជូនប្រកបដោយសុវត្ថិភាពបរិស្ថាន និងស្របតាមច្បាប់

៧-ត្រូវរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA តាមការកំណត់ឱ្យហើយក្នុងរយៈពេល២ខែ ចាប់ពីពេលរកឃើញការប្រព្រឹត្តខុសច្បាប់នេះ

៨-ក្នុងករណីមិនអនុវត្តតាមចំណុចខាងលើក្រសួងបរិស្ថាន និងចាត់វិធានការច្បាប់បន្តនោះគឺដកហូតលិខិតអនុញ្ញាតចេញដោយក្រសួង រួមទាំងការបិទសកម្មភាពទាំងស្រុងរបស់រោងចក្របន្ថែមទៀត។

សូមជម្រាបជូនថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុន និងរោងចក្រ ចំនួន៣១ ត្រូវបានរកឃើញមានការបញ្ចេញសំណល់រាវ មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ មិនបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងមិនទាន់មានប្រព័ន្ធអាងប្រព្រឹត្តកម្ម សំណល់រាវស្របតាមស្តង់ដារ ដែលធានាលើការបញ្ចេញសំណល់រាវឱ្យស្អាតមុនពេលបញ្ចេញទៅក្រៅ រោងចក្រនិងក្រុមហ៊ុនក្នុងនោះមាន៖

-ក្រុមហ៊ុនចំនួន១ បានអនុវត្តច្បាប់តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថានបានរួចរាល់
-រោងចក្រ និងក្រុមហ៊ុនចំនួន១៧ អនុវត្តបានចំនុចមួយចំនួន និងកំពុងស្ថិតក្នុងនីតិវិធីតាមដាននៃត្រួតពិនិត្យការអនុវត្តច្បាប់ និងបញ្ជាកែប្រែពីក្រសួងបរិស្ថាន ស្របតាមនីតិវិធីច្បាប់ និងកាលបរិច្ឆេទកំណត់
-រោងចក្រ និងក្រុមហ៊ុនចំនួន១៣ បាននឹងកំពុងរៀបចំឯកសារបញ្ជាកែប្រែដាក់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការបញ្ចេញសំណល់រាវ បំពុលដល់ប្រភពទឹកសាធារណៈ។

ជាថ្មីថែមទៀត ក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ និងក្រុមហ៊ុនដែលបានអនុវត្តច្បាប់ មិនបញ្ចេញទឹកកខ្វក់នាំឱ្យប៉ះពាល់តំបន់ទឹកសាធារណៈ ដែលជាការរួមចំណែកដល់ភាពស្អាតរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ និងទប់ស្កាត់ការបំពុលបរិស្ថាន និងការថែរក្សាគុណភាពទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរ សម្រាប់ការរស់នៅដោយចីរភាព។

ជាមួយគ្នានេះ ក្រសួងបរិស្ថាននៅតែអំពាវនាវឱ្យម្ចាស់ រោងចក្រ និងក្រុមហ៊ុនទាំងអស់កុំបញ្ចេញសំណល់រាវ ដោយមិនមានប្រព័ន្ធចម្រោះទឹកកខ្វក់ត្រឹមត្រូវ និងនាំឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន និងភាពសុខដុមរមនារបស់មនុស្ស និងធម្មជាតិ ជាពិសេសកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រោងចក្រ និងក្រុមហ៊ុននានា ដែលកំពុងអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕