(ក្រចេះ)៖ ថ្លែងនៅចំពោះប្រជាពលរដ្ឋជាច្រើនរយនាក់ នៅមូលដ្ឋានឃុំស្នូល ស្រុកស្នូល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាំងពីចាប់កំណើតមកម្ល៉េះ គ្រប់កាលៈទេសៈ និងមិនដែលរត់ចោលប្រជាជនកម្ពុជាម្តងណានោះទេ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ បន្តវេនពីសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ វិធានការសកម្មភាពចាំបាច់នានា ដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត បានខិតខំប្រឹងប្រែងរៀបចំនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និងសកម្មភាពនានាដើម្បីឆ្លើយតបនឹងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខដុមរម្យនីយកម្មក្នុងសង្គមជូនប្រជាពលរដ្ឋ។

ត្រង់ចំណុចនេះដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាក និងផ្តល់ជំនឿចិត្តឱ្យកាន់តែខ្លាំងមកលើអាជ្ញាធរ រាជរដ្ឋាភិបាល ពោលសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ភ្ជាប់ជាមួយគ្នានឹងសមិទ្ធផល ព្រមទាំងភាពរីកចម្រើនរបស់កម្ពុជានាដំណាក់កាលសន្តិភាពពេញលេញដែលមានអាយុជាង២៦ឆ្នាំមកនេះ, ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រម្លឹកពីការឈឺចាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្រោមការដឹកនាំរបស់ខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ធ្វើឱ្យកម្ពុជាបានធ្លាក់ក្នុងនរកអវជ័យ ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លិចបំផ្លាញ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ជាតិត្រូវបានលុបបំបាត់ទាំងស្រុង។ ក្រៅពីការជម្លៀសប្រជាជនចេញពីទីក្រុង ក្រុមខ្មែរក្រហម ប៉ុល ពត បានបំបាត់ចោលទីក្រុងទីប្រជុំជន បង្ខំប្រជាជនឱ្យ «ហូបរួម នៅរួម» និងធ្វើពលកម្ម និងទារុណកម្មធ្ងន់ធ្ងរដូចទាសករ។ ខ្មែរក្រហមបានលុបបំបាត់វត្តអារ៉ាម សាលារៀន មន្ទីរពេទ្យជាដើម។ ប្រជាពលរដ្ឋជាង ៣លាននាក់ ត្រូវបានសម្លាប់យ៉ាងវេទនាបំផុតដោយការធ្វើទារុណកម្ម ការអត់អាហារ ការសម្លាប់ ការបោសសម្អាតផ្ទៃក្នុង និងអំពើអមនុស្សធម៌ផ្សេងទៀត។ ដូច្នេះ នៅចំពោះមុខនៃមហាសោកនាដកម្មនេះកម្លាំងនៃអ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់ បានងើបឡើងតស៊ូសង្គ្រោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហមដ៏យង់ឃ្នងនេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ប្រជាជនកម្ពុជា មិនត្រូវការរបបដឹកនាំដែលកាប់សម្លាប់ប្រជាជនស្លូតត្រង់ ធ្វើទុក្ខបុម្នេញ បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងមកលើប្រជាពលរដ្ឋនោះទេ។ ពលរដ្ឋត្រូវការសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ដោយមើលឃើញពីភាពសោកសៅ ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ពីសំណាក់របបខ្មែរក្រហម មកលើប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន, សម្តេច ជា ស៉ីម, សម្តេច ហេង សំរិន ព្រមទាំងឥស្សរជនស្នេហាជាតិមួយចំនួនទៀត បានរើបម្រាស់ប្រឆាំងនឹងការដឹកនាំរបស់ពួកខ្មែរក្រហម រហូតកសាងកម្លាំងវាយផ្តួលរំលំរបបខ្មែរក្រហម ដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សន្តិភាពដែលកម្ពុជា មានបច្ចុប្បន្ននេះ គឺជាកត្តាសំខាន់បំផុតដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចកសាងសមិទ្ធផល ដូចសព្វថ្ងៃនេះបាន ហើយបើកម្ពុជាបន្តស្ថិតក្នុងភ្នក់ភ្លើងសង្គ្រាម ទំនងគ្មានឱកាសកសាងជាតិ និងស្គាល់ការរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។ ហេតុដូច្នេះហើយបានជាអតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត តែងតែអំពាវនាវម្តងហើយម្តងទៀតឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ការពារសន្តិភាពដែលជាតម្លៃរួមរបស់ជាតិ និងសូមកុំចាំដល់ប្រទេសជាតិមានសង្គ្រាមបាននាំគ្នាស្វែងរកសន្តិភាព។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានអរគុណប្រជាពលរដ្ឋទាំងអស់ដែលបានជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោតជូន ដើម្បីមានឱកាសដឹកនាំនាវាកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍ រក្សានូវកំណើនសេដ្ឋកិច្ច សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។

គួរដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោក វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង។ ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា៕