(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក XU Kulin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍»។
ការចុះអនុស្សរណៈ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ចំនួន៤៤រូប នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាលនេះ លោករដ្ឋមន្ដ្រី និងលោកអភិបាលខេត្ត បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាសក្ខីភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៦ ដូចខាងក្រោម៖
*ទី១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ
*ទី២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ
*ទី៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការមិត្តភាព និងការផ្លាស់ប្តូរការសិក្សារវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចណានជីង
*ទី៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន CaHengInternational Cultural Tourism Investment Co., Ltd និងក្រុមហ៊ុន Jiangsu Performing Arts Group Co., Ltd
*ទី៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Tuniu Corp
*ទី៦៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុន Nanjing Niushou Mountain Cultural Tourism Group Co., Ltd៕