(ក្រចេះ)៖ នៅក្នុងបេសកកម្មចុះមូលដ្ឋាននៅទឹកដីស្រុកស្នួលខេត្តក្រចេះ, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញពីសក្តានុពលសំខាន់ៗរបស់ខេត្តក្រចេះ រួមមានតំបន់ប្រវត្តិសាស្ត្រវិមាន ២ធ្នូ, រសជាតិក្រឡានថ្មគ្រែ ការជិះទូកទស្សនាសត្វផ្សោតទន្លេមេគង្គ សក្តានុពលទេសចរណ៍ធម្មជាតិនានា ជូនលោក វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានដឹង និងបន្តផ្សព្វផ្សាយចេញទៅក្រៅ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបទៅឯកអគ្គរដ្ឋទូតឥណ្ឌា ឱ្យបានដឹងថា សម្រាប់ប្រទេសកម្ពុជា គឺមានសក្តានុពលទេសចរណ៍ជាច្រើន ក្រៅពីប្រាង្គប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ពោលគឺកម្ពុជា មានទីតាំងទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រជាច្រើននៅពាសពេញផ្ទៃប្រទេស។ ខណៈនៅតាមដងទន្លេមេគង្គ មានកោះទ្រង់ ដែលមានជម្រកក្រូចថ្លុង ដែលជាប់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ដែលមានឱជារសឆ្ងាញ់ពិសា មានភាពល្បាញល្បីមានរស់ជាតិឆ្ងាញ់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យស្គាល់ពីអត្តសញ្ញាណខេត្តក្រចេះ មិនតែប៉ុណ្ណោះក៏បានចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យមានជីវភាពធូរធា សមរម្យដោយសារមុខរបរ កាផលិតក្រឡាន ណែម និងការដាំក្រូចថ្លុងនោះផងដែរ។
ជាមួយគ្នានឹងការមកទស្សនា និងភ្លក់រសជាតិក្រឡានថ្មគ្រែដោយផ្ទាល់ លើទឹកដីខេត្តក្រចេះ, ឯកអគ្គរដ្ឋទូតឥណ្ឌា បានបង្ហាញការរីករាយសប្បាយចិត្ត ដែលបានមកបំពេញទស្សនកិច្ច ព្រមទាំងសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តក្រចេះនាពេលនេះ។
ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បង្ហាញភាពរីករាយយ៉ាងខ្លាំងបន្ទាប់ពីមានមើលឃើញពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តក្រចេះ ជាពិសេសបានពិសាអាហារ នំដែលជាស្នាដៃរបស់បបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនេះ ដែលមានរសជាតិប្លែក និងឆ្ងាញ់ពិសា។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា សម្រាប់ការអញ្ជើញមកទស្សនានៅលើកោះទ្រង់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរ គឺដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍នៅក្នុងស្រុក ខណៈនៅលើកោះទ្រង់មានទេសភាពស្អាត ការដាំដំណាំ វត្តអារាម ព្រមទាំងមានដើមរកាដែលមានអាយុជាង ១,០០០ឆ្នាំ កំពុងឈរបង្អួតខ្លួនរង់ចាំអ្នកទស្សនាមកពីគ្រប់ទិសទីនៅលើកោះទ្រង់នេះផងដែរ។ បន្ថែមពីលើភាពសម្បូរបែបនេះកោះទ្រង់ក៏មានមានវាលខ្សាច់ស្រស់ស្អាត ដែលជាទីគយគន់របស់ទេសចរណ៍ទាំងឡាយជាដើម។
លោករដ្ឋមន្ត្រីបានថ្លែងថាសត្វផ្សោតជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណ ១០៥ក្បាល ដែលរស់នៅទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ជាកន្លែងទេសចរណ៍សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិ និងអន្តរជាតិបានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារនិងចំណូលជូនដល់សហគមន៍មូលដ្ឋាន។
ខេត្តក្រចេះមានទីតាំងទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើនដូចជា៖ អន្លង់សត្វផ្សោតព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី, រមណីយដ្ឋានឆ្នេរខ្សាច់វត្ដសសរ១០០ ដែលស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ, តំបន់សហគមន៍ទេសចរណ៍សហគមន៍កោះទ្រង់ ក្នុងក្រុងក្រចេះ, រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នានេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗទាក់ទាញភ្ញៀវទេសចរផងដែរដូចជាក្រឡានថ្មគ្រែ, ក្រូចថ្លុងកោះទ្រង់ ប៉ិកួៈនៅស្រុកឆ្លូង និងមុខម្ហូបពីត្រីនៃទន្លេមេគង្គផងដែរ៕