(ហ្សឺណែវ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទីភ្នាក់ងារបរិមាណូអន្តរជាតិ International Atomic Energy Agency, IAEA នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឱកាសមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ។
ជំនួបនេះតបតាមការអញ្ជើញរបស់ទីភ្នាក់ងារបរិមាណូអន្តរជាតិ (IAEA) ដើម្បីពិភាក្សាការងារបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កិច្ចសហការរវាងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារបរិមាណូអន្តរជាតិ ដោយផ្តោតលើប្រធានបទគន្លឺះចំនួន៤។
ប្រធានបទគន្លឺះទាំង៤រួមមាន៖ ១).បន្តពង្រីកការបណ្តុះបណ្តាលអ្នកជំនាញមហារីកលើការព្យាបាលដោយវិទ្យុសកម្ម អ្នកជំនាញវេជ្ជសាស្ត្រនុយក្លេអ៊ែរ, ២).បន្តពង្រីកការចូលរួមពីអ្នកជំនាញមហារីកកម្ពុជា និងអ្នកពាក់ព័ន្ធ ក្នុងបណ្តាញជំនាញមហារីកអន្តរជាតិ - ដែលអនុញ្ញាតនាំឲ្យមានការទាន់ពេលវេលា និងទទួលបានព័ត៌មានទូលំទូលាយ, ៣).ពាំនាំឲ្យមានការគាំទ្រកាន់តែប្រសើរបន្ថែមទៀត ចំពោះមជ្ឍមណ្ឌលមហារីក ទាំងជាតិ រួមទាំងគម្រោងរៀបចំថែទាំព្យាបាលជំងឺមហារីកកម្រិតថ្នាក់តំបន់ នៅកម្ពុជា, និង៤).គាំទ្រសកម្មភាព លើការដាក់អោយអនុវត្តអំពីផែនការសកម្មភាពជាយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងមហារីកនៅកម្ពុជា ២០២៥-២០៣០។
ក្នុងឳកាសនោះលោកស្រី លីហ្សា ស្ទីវិនស៍ Lisa Stevens នាយិកាកម្មវិធីប្រយុទ្ធប្រឆាំង និងព្យាបាលមហារីកនៃ IAEA បានសម្តែងអំណរគុណ និងបញ្ជាក់ការគាំទ្រ ការទទួលស្គាល់របស់ទីភ្នាក់ងារបរិមាណូអន្តរជាតិ ចំពោះការរីកចម្រើន ពិសេសការតាំងចិត្តខ្ពស់របស់កម្ពុជាលើការបង្ការ ថែទាំ និងព្យបាលអ្នកជំងឺមហារីកនៅកម្ពុជា៕