(ទីក្រុងជិនធីង ប្រទេសម៉ាឡេស៊ី)៖ ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន លើកទី ១០៣ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងជិនធីង ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយបណ្តាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ាន ទាំង១០ប្រទេស ដោយបានលើកយករបៀបវារៈ សំខាន់ៗ មកពិភាក្សារួមមាន៖ ១) អនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន លើកទី ១០២។ ២) អនុម័ត របៀបវារៈកិច្ចប្រជុំ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានលើកទី ១០៣ ។ ៣) បច្ចុប្បន្នភាពទិសដៅអាទិភាព និងគម្រោងនានា ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។ ៤)កិច្ចពិភាក្សាអំពីរាយការណ៍ជូនថ្នាក់ដឹកនាំអាស៊ានក្នុងអំឡុងពេល នៃ កិច្ចសន្ទនារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាលអាស៊ាន។ ៥) ការត្រៀមលក្ខណៈរៀបចំការជួបជុំសមាជិកក្រុមប្រឹក្សាអាស៊ាននៅខែកក្កដា។ ៦) បទអន្តរគមន៍អំពីបច្ចុប្បន្នភាពប្រទេសសមាជិកនីមួយៗ ។ ៧) មហាសន្និបាតប្រចាំឆ្នាំ និង៨) ផ្សេងៗ ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច៕