(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) រៀបចំសន្និសីទសារព័ត៌មានស្ដីពី «ការពង្រឹងកំណើនយុទ្ធសាស្រ្ត វិនិយោគតាមរយៈភាពជាដៃគូរសហការ» ដើម្បីពិភាក្សាលើ ការរៀបចំវេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកបណ្ឌិត ធួនស៊ីណាន ស្ថាបនិក CIM ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក នី ផល្លា បានបញ្ជាក់ថា ក្នុងនាមក្រសួងទេសចរណ៍ ពិតជាមានការចាប់អារម្មណ៍ទៅលើ CIM ដែលជាគម្រោងវិនិយោគមួយ បំពេញបន្ថែមក្នុងវិស័យទេសចរណ៍ ឲ្យកាន់តែរឹងមាំជាងមុន និងផ្ដល់ឱកាសដល់វិនិយោគិនបានជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍សហគ្រិនភាពក្នុងស្រុក។
លោក នី ផល្លា បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា គម្រោង CIM នឹងជួយឲ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន និងទាក់ទាញអ្នកវិនិយោគសកល ដោយពង្រឹងភាពរីកចម្រើន តាមរយៈភាពជាដៃគូវិនិយោគជាយុទ្ធសាស្ត្រ ព្រមទាំងបន្តដោយចីរភាព។
ដោយឡែក លោកបណ្ឌិត ធួនស៊ីណាន ស្ថាបនិក CIM បានបញ្ជាក់ថា គម្រោងនេះនឹងផ្ដោតក្នុងវិស័យទេសចរណ៍ចំនួន៤ រួមមាន៖ ១៖ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច, ២៖ កសិទេសចរណ៍, ៣៖ទេសចរណ៍អចលនទ្រព្យ និងការអភិវឌ្ឍន៍ និង៤៖ បច្ចេកវិទ្យា។
សូមជម្រាបថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Cambodia Investment Matching 2025 (CIM 2025) ជាវេទិកាវិនិយោគគាំទ្រថ្នាក់ជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២-៣ ខែមិថុនា ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ និងមានការចូលរួមពី សហគ្រិនកម្ពុជាជាង១៥០នាក់ និងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៩០ មកពីទូទាំងអាស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសផ្សេងទៀត។
វេទិកានេះ រៀបចំឡើង ដោយក្រសួងទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា PATA សហការជាមួយ Cambodia Chapter (PATACC) និងសមាគមអ្នកវិនិយោគនវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)។ វេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ២០២៥ រៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១ នៃអាណត្តិទី ៧ របស់រាជរដ្ឋាភិបាលកម្ពុជា (២០២៣-២០២៨)។
ជំនួបនេះ ក៏ជាយន្តការអនុវត្តពិសេសមួយរបស់កម្ពុជា សម្រាប់ភ្ជាប់សហគ្រាសជាតិដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ជាមួយវិនិយោគិនដែលមានបទពិសោធន៍ និងគុណវុឌ្ឍ តាមរយៈគំរូអាជីវកម្មដែលមានរចនាសម្ព័ន្ធ ច្បាស់លាស់ តម្លាភាព និងផ្ដោតលើលទ្ធផល៕