(ម៉ាឡេស៊ី)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី ដែលជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២៥ លោកស្រីចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ វឌ្ឍនភាពនៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ការងារអាទិភាពប្រចាំឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសមារណកម្មសេដ្ឋកិច្ចអាស៊ាន បច្ចុប្បន្នភាពនៃការចុះហត្ថលេខា និងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ និងវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ព្រមទាំងពិនិត្យលើការងារត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី២ និងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ-ចិន៕