(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ទីនេះហើយដែលអតីតកាលជាកន្លែងចំបាំងរាំងជល់គ្នាយ៉ាងស្វិតស្វាញដោយចុងអាវុធរវាងខ្មែរនិងខ្មែរ  ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឣតីតនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះបានធ្វើឱ្យខេត្តមួយនេះក្លាយជាខេត្តមានការអភិវឌ្ឍន៍រីកចម្រើនដោយនឹកស្មានមិនដល់។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងដូច្នេះក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងបទុមវន្ត ហៅវត្តក្រាំងក្រូច ស្ថិតក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមទៀតថា ប្រជាជនខ្មែរទូទាំងប្រទេសត្រូវបានគេលាបពណ៌ឱ្យក្លាយជាខ្មែរក្រហម-ខ្មែរស-ខ្មែរខៀវ និងខ្មែរស៊ីជម្ពូ ដើម្បីច្បាំងសម្លាប់គ្នា តែពេលនេះគឺមានខ្មែរតែមួយ ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយហើយបានអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។

លោកបណ្ឌិត សង្កត់ធ្ងន់ថា ជាង៤០ឆ្នាំមកនេះប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាចឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ទាំងនេះគឺដោយសារតែប្រទេសកម្ពុជាមានថ្នាក់ដឹកនាំខ្លាំងពូកែគឺសម្តេចតេជោ ហ៊ុន សែន។ ជាមួយនិងសុខសន្តិភាពនេះដែរសមិទ្ធិផលនានាក៏បានរីកដុះដាលឡើងស្របគ្នាទាំងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រ ជាក់ស្តែងសមិទ្ធិផលក្នុងវត្តបទុមវ័ន ហៅវត្តក្រាំងក្រូចដែលត្រូវដាក់សម្ពោធនាពេលនេះ។

ចំពោះសមិទ្ធផលនានាដែលបានកកើតឡើងក្នុងវត្តនេះដែរគឺផ្តើមចេញពីអាជ្ញាធរខេត្ត ស្រុក សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ដែលបានខិតខំប្រឹងប្រែងកសាងឡើងទុកជាទីគោរពសក្ការ: តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា។

អភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាប្រមាណ៨០%គឺជាកសិករដែលប្រកបរបរកសិកម្មធ្វើស្រែចំការ ចំពោះការងារកសិកម្មនេះដែរកសិករខ្មែរយើងក៏នៅពឹងផ្អែកលើទីផ្សារក្រៅប្រទេស ខណៈទីផ្សារក្នុងស្រុកមិនគ្រប់គ្រាន់សម្រាប់លក់ចេញទិន្នផលដែលសម្រេចបាន និយាយជារួមគឺនៅពឹងផ្អែកដង្ហើមរបស់ប្រទេសជិតខាងទាំងជីសម្រាប់បង្កើនទិន្នផល ការដឹកជញ្ជូន។

ដើម្បីបញ្ឈប់ការពឹងផ្អែកលើទីផ្សារប្រទេសជិតខាង អភិបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋងាក មកបង្កបង្កើនផលដោយប្រើពូជស្រូវកណ្តាលវិញ គឺប្រភេទស្រូវផ្ការំដួលដែលជារបស់ខ្មែរ និងបានជាប់លំដាប់ថ្នាក់លេខ១ ជាប់គ្នាលើពិភពលោក ពិសេសជាពួជស្រូវដែលមានទីផ្សារល្អសម្រាប់នាំចេញ និងមានតំលៃគាប់ប្រសើរលើទីផ្សារអន្តរជាតិផងដែរ។

ទន្ទឹមនេះលោកបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំផងដែរទៅដល់បងប្អូន ដែលមានកូនបានបញ្ចប់ការសិក្សា ហើយកំពុងស្វែងរកការងារធ្វើ សូមទាក់ទងជាមួយមន្ទីរការងារដើម្បីសាកសួរព័ត៌មានពីការងារនៅតាមបណ្តារោងចក្រ ខណ:រោងចក្រកំពុងកកើតច្រើន និងកំពុងត្រូវការកម្មករបំពេញបន្ថែម រហូតជាងមួយម៉ឺននាក់ទៀត ៕