(សៀមរាប)៖ លោក ខូវ មករា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី « Certified ISO/IEC 27001 Lead Implementer » ដែលរៀបចំឡើងចាប់ពីថ្ងៃទី២០-២៣ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ សរុបប្រមាណ ៣០រូប។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្តល់នូវការស្វែងយល់ទ្រឹស្ដី និងការអនុវត្តពាក់ព័ន្ធនឹងគោលការណ៍ច្បាប់ ការកំណត់វិសាលភាពនៃប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ការវាយតម្លៃហានិភ័យ ការជ្រើសរើសយន្តការគ្រប់គ្រងហានិភ័យ ការអនុវត្តយន្តការ និងការរៀបចំប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន សម្រាប់សវនកម្មវិញ្ញាបនបត្រ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំអនុវត្តស្តង់ដារ (lead implementer) ដែលអាចដឹកនាំប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន របស់អង្គភាពដោយមានទំនុកចិត្ត និងប្រសិទ្ធភាពស្របតាមស្តង់ដារ ISO/IEC 27001។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនៅក្រោម គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិ ផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕