(ហាយណូយ)៖ សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបសម្តែងការគួរសមជាមួយលោក លឿង គឿង (Luong Cuong) ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបាននាំទៅនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះលោកប្រធានរដ្ឋ លោកអគ្គលេខាធិការ តូ ឡឹម ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ នៃគណបក្សកុម្មុយនីសវៀតណាម។

ទន្ទឹមនឹងនោះផងដែរសម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវការសាររំលែកទុករបស់ព្រះមហាក្សត្រ សម្តេចតេជោ និងសម្តេចធិបតី ជូនដល់ក្រុមគ្រួសារសព លោក ជិន ឌឹក លឿង (Tran Duc Luong) អតីតប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានគូសបញ្ជាក់ថា មរណៈភាពរបស់លោក គឺជាការបាត់បង់នូវធនធាន ក៏ដូចជាថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់ស្ទើរតែពេញមួយជីវិត ក្នុងការបម្រើប្រទេសជាតិ ដើម្បីរួមចំណែកដល់ទំនើបកម្មនៃប្រទេសវៀតណាម។

ជាការឆ្លើយតប លោក លឿង គឿង ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានចាត់តាំងប្រតិភូមកគោរពវិញ្ញាណក្ខន្ធ និងចូលរួមក្នុងពិធីបុណ្យសព។ លោកក៏បានអបអរសាទរ ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ដោយលោកសង្កត់ធ្ងន់ថា ភាពរីកចម្រើនរបស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំដោយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកបានលើកឡើងថា នៅលើពិភពលោកនេះ មិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និងកម្ពុជានោះទេ។

ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង បក្ស រដ្ឋ រណសិរ្សនៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំខ្លាំងក្លាថែមទៀត ៕