(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សហគមន៍ព្រៃឈើ សហគមន៍កសិកម្ម កសិករគំរូ និងគ្រូបង្រៀនក្នុងសាលា និងពិនិត្យការអភិវឌ្ឍន៍ក្នុងសហគមន៍នៅឃុំរំដោះ ស្រុករវៀង។
ក្នុងឱកាសនោះលោក អ៊ុក គឹមសាន បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទដាច់ស្រយាល។
អភិបាលរងខេត្តព្រះវិហារ អ៊ុក គឹមសាន ក៏បានថ្លែងបង្ហាញប្រាប់ប្រជាពលរដ្ឋ ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ក្នុងការជំរុញឱ្យមានការ អភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលឃុំ ស្រុក ដូចជាការកែលម្អអគារសេវាកម្មសាធារណៈ ផ្លូវទំនាក់ទំនង និងប្រព័ន្ធទឹកស្អាត ជាមួយគ្នានេះក៏បានផ្តោតលើការលើកកម្ពស់ជីវភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ តាមរយៈការគាំទ្រដល់វិស័យកសិកម្ម សហគមន៍ និងការអប់រំផងដែរ។
ការចុះជួបប្រជាពលរដ្ឋតាមសហគមន៍នាឱកាសនេះ លោក អ៊ុក គឹមសាន និងក្រុមការងារ បានស្តាប់ និងពិភាក្សាជាមួយប្រជាពលរដ្ឋអំពីបញ្ហាប្រឈម និងតម្រូវការផ្សេងៗ ដូចជាការខ្វះបច្ចេកទេសកសិកម្ម ទឹកសម្រាប់ស្រោចស្រព កង្វះទីផ្សារលក់ផលិតផលកសិកម្ម និងបញ្ហាទៅនឹងសេវាសាធារណៈដទៃទៀត ក្រៅពីនេ ក៏មានការជជែកអំពីវិធីសាស្ត្រដែលអាចអភិវឌ្ឍសហគមន៍ឱ្យប្រកបដោយនិរន្តភាព និងរួមចំណែកក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិផងដែរ។
ការចុះជួបនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់សេវាសាធារណៈឱ្យជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងលើកស្ទួយគុណភាពជីវិតរបស់ប្រជាជននៅជនបទ ឱ្យកាន់តែប្រសើរឡើង ក្នុងបរិបទនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព៕