(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន រួមមាន ខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង ត្បូងឃុំ ក្រចេះ និងមណ្ឌលគិរី។
កិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នាពេលនេះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ មាស វីរិទ្ធិ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ជាសមាជិកគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំនេះដែរ រៀបចំធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ និងឈានទៅលុបបំបាត់ឥទ្ធិពលប្រកបដោយគ្រោះថ្នាក់ នៃឧក្រិដ្ឋកម្មគ្រឿងញៀនដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាបន្តបន្ទាប់ដែលគិតត្រឹមឆ្នាំ២០២៤ កន្លងទៅមានចំនួន៩លើកមកហើយ ដែលសំដៅជំរុញគ្រប់ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ព្រមទាំងបំផុសប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាចលនាជាតិមួយក្នុងស្មារតីទទួលខុសត្រូវរួមគ្រប់វិស័យទាំងអស់។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ម៉ក់ ជីតូ បានលើកឡើងថា ទោះបីជាការបង្ក្រាបមានលក្ខណៈស្មុកស្មាញយ៉ាងណាក៏ដោយកម្លាំងការពារព្រំដែន ពិសេសកម្លាំងកងទ័ព កម្លាំងនគរបាលការពារព្រំដែន ត្រូវធ្វើការរួមគ្នាដើម្បីគ្រប់គ្រងព្រំដែនឱ្យមានប្រសិទ្ធិភាព និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចប្រទេសជិតខាង និងចែករំលែកព័ត៌មាន ព្រមទាំងការអនុវត្តច្បាប់ផងដែរ។
លោកបណ្ឌិត ក៏បានជំរុញការប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីព្រោះអត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug ក្នុងការទទួលបាននូវវីដេអូកម្សាន្ដ អប់រំ ព័ត៌មាន មេរៀន និងការស្វែងរកការព្យាបាល ព្រមទាំងមុខងាររាយការណ៍លាក់អត្តសញ្ញាណអ្នករាយការណ៍ អំពីបញ្ហាគ្រឿងញៀន។
លោកបណ្ឌិត ម៉ក់ ជីតូ បានបញ្ជាក់ថា ដើម្បីអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ គណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានរៀបចំផែនការចុះបំពេញបេសកកម្ម ពិនិត្យសភាពការណ៍លំហូរគ្រឿងញៀន និងមានវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀន នៅគ្រប់ច្រកទ្វារព្រំដែន៕