(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវប្រជាពលរដ្ឋ ម្ចាស់រោងចក្រសហគ្រាស រួមនឹងសប្បុរសជននានា ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ បន្តចូលរួមបរិច្ចាគថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យសាខា បន្តការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ។
ថ្លែងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ដែលពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក វ៉ី សំណាង បានថ្លែងថា កាកបាទក្រហមកម្ពុជាប្រៀបបីដូចជាអង្គការក្រៅរាជរដ្ឋាភិបាលដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលធ្វើកិច្ចការលើការងារមនុស្សធម៌ និងលើកកម្ពស់ការងារសុខភាព អនាម័យ បរិស្ថាននៅតាមសហគមន៍ ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយអ្វីឡើយ ពោលទីណាមានកាលំបាក ទីនោះមានកាកបាទក្រហកម្ពុជាចុះជួយជាប់ជានិច្ច។
ដើម្បីចូលរួមការងារមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជាខេត្តតាកែវ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ ឧកញ៉ា ម្ចាស់រោងចក្រសហគ្រាស សប្បុរសជនជិតឆ្ងាយទាំងអស់ បន្តបរិច្ចាកថវិកា និងសម្ភារផ្ទាល់ខ្លួន ផ្ដល់មកកាកបាទក្រហមសាខាខេត្តតាកែវដើម្បីយើងបន្តជួយដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលកំពុងជួបការលំបាក នៅក្នុងខេត្តតាកែវ ។
ក្នុងឱកាសនោះដែរ លោក វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក កងកម្លាំង មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ និងស្វែងរកទីទួលមានសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈបង្កា និងជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់បានទាន់ពេលវេលា ជាមួយគ្នានោះក៏ត្រូវបន្តធ្វើសកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋានអោយបានខ្លាំងក្លាបន្ថែមទៀត ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីជួយសម្រួលដល់ទុកលំបាករបស់ពួកគាត់ផងដែរ៕