(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់លើធនធានមនុស្ស ជាសំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ។

ការលើកឡើងយ៉ាងដូច្នេះ របស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំង លោក លោកស្រី តំណាងអង្គភាពជុំវិញខេត្តត្បូងឃ្មុំ ប្រមាណ ៣០០នាក់។ សិក្ខាសាលានេះរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណង (១) បង្ហាញពិកិច្ចខំប្រឹងប្រែង និង សមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា (២) បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ (៣) បញ្រ្ជាបការយល់ដឹងបន្ថែមដល់អង្គភាព ថ្នាក់ក្រោមជាតិ ឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង៤) ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្ត សេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានសង្កត់ធ្ងន់ថា កម្ពុជាបានទទួលយកកតិកាសញ្ញា អនុសញ្ញាអន្តរជាតិចំនួន ៨លើ៩ និងខ្លឹមសារនៃកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញជាតិរបស់កម្ពុជា មានន័យថា ក្រោយពីកម្ពុជាទទួលយកនូវកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនេះ កម្ពុជាត្រូវជាប់កាតព្វកិច្ចដ៏ធំនោះគឺការធ្វើរបាយការណ៍ជាតិស្ដីពីសិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ដែលនេះជាការងារចាំបាច់ផងដែររបស់ គ.ស.ម.ក. ក្នុងការសរសេររបាយការណ៍ជាតិនេះ។

ទេសរដ្ឋមន្ត្រីក៏បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នាពេលកន្លងមក និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាសត្យានុម័ត ដូចយើងបាននិងកំពុងឃើញជាក់ស្តែង គ្មានទេការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សនៅក្នុងភ្នក់ ភ្លើងសង្គ្រាម សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចម្បងគេ ក៏មិនត្រូវបានធានាផងដែរ។ ហេតុនេះ ការចូលរួមថែរក្សានិងការពារសន្តិភាព គឺជាកាតព្វកិច្ចរបស់យើង ទាំងអស់គ្នា ដើម្បីធានាបាននូវឱកាសក្នុងការទទួលបាន និងប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋាន និងវឌ្ឍនភាពរបស់ប្រជាជនកម្ពុជា។ ម៉្យាងវិញទៀតសម្តេចបវរធិបតីមានការយកចិត្តទុកដាក់លើធនធានមនុស្សជាសំខាន់ ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ។

នៅក្នុងឱកាសនៃសិក្ខាសាលានេះលោកបានបញ្ជាក់ថា អ្វីដែលយើងគ្រប់គ្នាគួរ មានមោទនភាពបំផុតក្នុងនាមជាប្រជាជនខ្មែរនោះគឺ ប្រទេសកម្ពុជាយើងពុំមានទោសប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ គឺជាការបំពេញកាតព្វកិច្ច មួយដ៏សំខាន់បំផុតស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា ក៏មិនត្រូវបានរើសអើងនោះទេចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា ហើយនេះជាធម្មជាតិចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានពីកំណើតមក ដូច្នេះពួកគាត់មិនគួរត្រូវបានទទួលការរើសអើងពីសំណាក់មជ្ឈដ្ឋានជុំវិញនោះទេ ប៉ុន្តែគួរតែត្រូវបានលើកទឹកចិត្ត និងការពារពួកគាត់ដូចពលរដ្ឋដទៃទៀតដែរ។ មួយវិញទៀត គ.ស.ម.ក. ក៏តែងតែចូលរួមចំណែកដ៏សំខាន់នេះ ដោយការចូលរួមការពារសិទ្ធិរបស់បងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីឱ្យសិទ្ធិបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានធានា និងទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញ។ ដោយឡែកសេរីភាពនៃជំនឿ សាសនា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសិទ្ធិ និងសេរីភាពពេញលេញក្នុងការគោរពផងដែរ។

ទេសរដ្ឋមន្ត្រី បានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដែលបានបង្កបរិយាកាសឱ្យមានការសាមគ្គីភាព និងឯកភាពផ្ទៃក្នុងនៃមន្ត្រីចំណុះឱ្យរដ្ឋបាលខេត្តទាំងមូលផងដែរ។

ទេសរដ្ឋមន្រ្តី បានបញ្ចាក់ផងដែរថា កម្ពុជានៅតែបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូសន្ទនាបែបស្ថាបនា ជាមួយរាល់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕