(ភ្នំពេញ)៖ លោក ហ៊ែល សារ៉ាត់ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា យោងតាមលទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន ១០,១៥៤,៣១៨នាក់ ស្មើនឹង៩០,៤៣% នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ ១៨ឆ្នាំឡើង។

បើតាមលោក ហ៊ែល សារ៉ាត់ បានបញ្ជាក់ថា នេះគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលយើងបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានអនុវត្តបន្ថែមទៀត នៅក្នុងថ្ងៃចុងក្រោយនេះ។

ការឱ្យដឹងបែបនេះរបស់លោក ហ៊ែល សារ៉ាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបានអញ្ជើញជាតំណាងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ តាមឃុំ សង្កាត់ ដែលបានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ លោកបានបន្តថា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាថ្ងៃចុងក្រោយនៃដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ ខណៈដំណើរការរយៈពេល២៦ថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ សុវត្ថិភាព មានសណ្តាប់ធ្នាប់ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែងផ្សេងៗឡើយ។

លោកបានថ្លែងថា បើទោះបីមានបញ្ហាតិចតួចផ្នែកធាតុអាកាស ស្ថានភាពភូមិសាស្រ្តក្នុងឃុំ សង្កាត់មួយចំនួនមិនអំណោយផល ភាពរអាក់រអួលខ្លះផ្នែកបរិក្ខារចុះឈ្មោះ និងប្រព័ន្ធអ៉ីនធឺណិត ក៏ទាំងអស់នេះមិនធ្វើឱ្យរាំងស្ទះ ដល់ប្រក្រតីភាពនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឡើយ ព្រោះយើងមានផែនការច្បាស់លាស់ មានកិច្ចសហការល្អ និងមានការយកចិត្តទុកដាក់ពីសំណាក់មន្រ្តីបច្ចេកទេស គ.ជ.ប គ្រប់ជាន់ថ្នាក់ និងមន្រ្តីអាជ្ញាធរដែលបានជួយដោះស្រាយគ្រប់បញ្ហាទាំងផ្នែកសម្ភារបរិក្ខារ បច្ចេកទេស និងការកំណត់ទីតាំងដែលត្រូវធ្វើជាការិយាល័យចុះឈ្មោះបោះឆ្នោត ពិសេសក្នុងដំណាក់កាលចល័តការិយាល័យនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់។

ចំពោះតំបន់ដែលស្ថិតនៅឆ្ងាយ និងមានភូមិសាស្រ្តស្មុគស្មាញ ឱ្យតែមានប្រជាពលរដ្ឋគ្រប់អាយុ និងគ្រប់លក្ខខណ្ឌត្រូវចុះឈ្មោះបោះឆ្នោត គឺក្រុមចុះឈ្មោះបោះឆ្នោតបានព្យាយាមបង្ខិតទីតាំងការិយាល័យចុះឈ្មោះទៅដល់ ក្បែរពួកគាត់ ដើម្បីពួកគាត់ងាយស្រួលក្នុងការមកចុះឈ្មោះ ព្រោះយើងមានគោលដៅច្បាស់លាស់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់កំណត់ បានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ក្នុងស្មារតីនេះហើយ ទើបយើងឃើញមានការិយាល័យចុះឈ្មោះបោះឆ្នោតនៅខេត្តមួយចំនួន បានបើកដំណើរការជូនប្រជាពលរដ្ឋលើសម៉ោងការងារ ដោយសារមានប្រជាពលរដ្ឋច្រើនរង់ចាំក្នុងការិយាល័យ។

លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ និងសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះការផ្តល់កិច្ចសហការរបស់គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសការបំពេញតួនាទី និងភារកិច្ចដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោតដែលជាប្រតិបត្តិករអនុវត្តផ្ទាល់នូវនីតិវិធីចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស។ ជាមួយគ្នានេះ ក៏សូមកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋអ្នកចុះឈ្មោះបោះឆ្នោត ដែលញ៉ាំងឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ រយៈពេល ២៦ថ្ងៃនេះ បញ្ចប់ទៅដោយរលូន និងជោគជ័យ។

គួរឱ្យដឹងថា លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ ទទួលបានដូចខាងក្រោម៖

*ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២១០,៨០៦នាក់
*អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៩៩,៣៧៣នាក់
*អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១,២៨៣,០៨១នាក់ ក្នុងនោះមានការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត តាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចំនួន ១,១៧៣,០៦៣នាក់
*អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ២,៤៥៣,៨៩៧នាក់
*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៤៨.,២៨២នាក់៕