(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោក សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ចុះមូលដ្ឋានខេត្តសៀមរាប។
ដោយមានការចូលរួមពីលោកស្រី ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត, លោក សំកុល សុចិត្រា អភិបាលរងខេត្ត ទាំងមានការចូលរួមពីរដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរ អង្គភាព ពាក់ព័ន្ធ អធិការដ្ឋាននគរបាល បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេប៉ុស្តិ៍ មេឃុំ សង្កាត់ជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក សំកុល សុចិត្រា បានរាយការណ៍សង្ខេបពាក់ព័ន្ធ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រុមការងារបានអនុវត្តកន្លងមក ក្នុងនោះដែរ ការបង្ក្រាបបទល្មើសនានា មានការថយចុះ ប៉ុន្តែបទល្មើសចរាចរណ៍មានការកើនឡើង។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានធ្វើបទបង្ហាញដោយផ្តោតសំខាន់លើការឧបករណ៍ផ្តលព័ត៌មានសាធាណៈសម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន ដែលកើតឡើង ដើម្បីផ្តល់ដំណឹងដល់សមត្ថកិច្ចជួយអន្តរាគមន៍។
លោក សួស អង្គារ៍ បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសរបស់រដ្ឋបាលខេត្តសៀមរាប និងបានណែនាំទៅដល់អង្គប្រជុំ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធ នឹងបទល្មើសជលផល បទល្មើសធនធានធម្មជាតិ ឲ្យបានម៉ឺងម៉ាត់ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់។ លោកបន្តថា ចំពោះបញ្ហាបទល្មើសល្បែងស៊ីសង កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលទាំង១០០ ឃុំ សង្កាត់ក្នុងខេត្តសៀមរាប ត្រូវអនុវត្តវិធានការច្បាប់ និងបញ្ឈប់ឲ្យខាងតែបាន។
លោក សួស អង្គារ៍ ក៏បានផ្តោតយ៉ាងសំខាន់ទៅលើបញ្ហាការគ្រប់គ្រងអ្នកចំណាកស្រុក និងត្រូវជម្រុញការធ្វើវេទិកាសាធារណៈ ធ្វើទៅតាមការប្រមូលផ្តុំជាលក្ខណៈទ្រង់ទ្រាយ តូចៗ តែទទួលបានលទ្ធផលខ្ពស់។ ចំពោះបញ្ហាភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺកើតចេញពីការចូលរួមពីយើងគ្រប់រូបនៅក្នុងមូលដ្ឋាន។
លោកក៏បានឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជម្រុញពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ។
ម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និងត្រូវត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់ និងជម្ងឺរាតត្បាតផ្សេងៗឲ្យមានប្រសិទ្ធភាព។ អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវសហការពង្រឹងការទប់ស្កាត់ និងអនុវត្តការងារបង្ក្រាបបទល្មើសនានា ឲ្យបានល្អប្រសើរ និងប្រសិទ្ធភាព។
លោកបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចូលរួមបង្រ្កាបបញ្ហាគ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងទៀងទាត់ នៅតាមទីសាធារណៈសាលារៀន និងតាមទីតាំងអាជីវកម្មសប្បាយ ព្រមទាំង ត្រូវពង្រឹងក្រមសីលធម៌ អង្គការវិន័យរបស់កងកម្លាំង និងអនុវត្តឲ្យបាន នូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល និងបង្កើនការ យកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស លើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព៕