​(សៀមរាប)៖ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់​លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​ដែលបានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើគម្រោងការងារស្ថាបនាផ្លូវក្រាល ដីល្បាយក្រួសចំនួន ៣ ខ្សែ ប្រវែងសរុប ៦ ៣០០ ម៉ែត្រ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៥នេះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ  ដែលបានយកចិត្តទុកដាក់ ស្ថាបនា និងថែទំាផ្លូវរហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពល្អប្រសើរ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ជូនដល់ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ និងសាធារណជនទូទៅ។

ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ​ បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។
​ទន្ទឹមគ្នានេះ លោកបានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ  ដែលបានយកចិត្តទុកដាក់ ស្ថាបនាផ្លូវចំនួន ៣ ដោយរក្សាបាននូវគុណភាពល្អប្រសើរ រហូតដល់បញ្ចប់សុពលភាព ដែលនេះជាការចូលរួម ចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមរក្សាគុណភាពផ្លូវ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ផ្លូវគឺជាសរសៃឈាម ជំរុញ អន្តរកម្មទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម​ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ ដែលមាន ភាពរីកចម្រើន​ ជឿនលឿន និងស៊ីវីល័យ។

លោកឧត្តមសេនីយ៍ទោ ហាយ ហ៊ីង នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា ជុំវិញការថែទាំផ្លូវខាងលើ នេះ ឃើញថា អ្នកដែលអនុវត្តផ្ទាល់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមស្ថាបនា រហូតដល់ការថែទាំ ដើម្បីចូលរួមរក្សាគុណភាពផ្លូវនេះ សម្រាប់ជាប្រយោជន៍យូរអង្វែងជូនប្រជាពលរដ្ឋមូលដ្ឋាន និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់។

​បន្ថែមពីនេះ លោក អ៊ិន ចន្ថា បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ចូលរួមថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ សម្រាប់បម្រើដល់ប្រជាជននៅក្នុងសហគមន៍ផ្ទាល់ ធ្វើយ៉ាងរក្សាគុណភាពផ្លូវនេះ ឱ្យបានគង់វង្សយូរអង្វែង និងត្រូវចាត់ទុកថា ផ្លូវនេះជារបស់យើងគ្រប់ៗគ្នា៕