(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ជុន បូរ៉ានី នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញបើកវគ្គបដិបត្តិធុតង្គ វិបស្សនាកម្មដ្ឋាន នៅវត្តពោធិរតនារាម (ហៅវត្តត្នោត) ដែលមានអ្នកពាក់ពន្ធ័ និងពុទ្ធបរិស័ទអញ្ជើញមកពីទីជិតឆ្ងាយប្រមាណ៥៣៥ អង្គ/រូប។

ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បានថ្លែងថា ការធ្វើធុតង្គ និងវិបស្សនាកម្មដ្ឋាននេះគឺក្នុងគោលបំណងសិក្សាអប់រំចិត្តឱ្យស្ងប់ប្រាស់ចាកនូវនីវរណធម៌ និងកិលេសទាំងពួងតាមមាគ៌ានៃព្រះពុទ្ធសាសនា បរមគ្រូនៃយើង និងជួយលើកកម្ពស់សីលធម៌សង្គមជាតិទាំងមូលប្រកបដោយសុខសន្តិភាព។

អភិបាលខេត្តបានបញ្ជាក់ថា ការធ្វើធុតង្គ និងវិបស្សនាកម្មដ្ឋាននេះដែរ មានរយៈពេល៩ថ្ងៃ គិតចាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណវត្តពោធិរតនារាម ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដូច្នេះ ពុទ្ធបរិស័ទជិតឆ្ងាយអាចចូលរួមក្នុងពិធីនេះបាន ដើម្បីទទួលបានផលបុណ្យ កុសលទាំងអស់គ្នា៕