(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារ ដល់លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង»។

លោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានលើកឡើងថា គោរមងារនេះ មកពីពាក្យ ឥស្សរ គឺខ្ពង់ខ្ពស់, វិទេស គឺបរទេស និងបញ្ញា គឺចំណេះដឹង ដែលសរុបមកមានន័យថា «អ្នកដែលមានចំណេះដឹងខាងការទូតដ៏ឆ្នើម»។

ចំណែកឯលោក ហ៊ុន ឈុនតេង អ្នកជំនាញអក្សរសាស្ត្រខ្មែរ និងសិលាចារឹក បានលើកឡើងស្រដៀងគ្នាថា ឥស្សរ មានន័យថា ធំកំពូល ដែលជាពាក្យបាលី ឬសំស្ក្រឹត គឺឥសូរ, រីឯពាក្យ វិទេស គឺដែនខាងក្រៅ ឬបរទេស ដែលសម្តៅដល់ប្រទេស ដែលសម្តេច ហោ ណាំហុង ធ្លាប់រក្សា និងធ្វើឲ្យមានសម្ព័ន្ធភាពជាមួយកម្ពុជា ខណៈដែលពាក្យ បញ្ញា គឺចំណេះដឹង។ សរុបមក «សម្តេចឥស្សរវិទេសបញ្ញា» មានន័យថា អ្នកដែលមានចំណេះដឹងខាងការបរទេសដ៏ឆ្នើម ដែលសមនឹងស្នាដៃ និងកិច្ចការដែលសម្តេចធ្លាប់ធ្វើ៕