(ម៉ាឡេស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបអាហារពេលព្រឹកការងារ, នាយករដ្ឋមន្ត្រីទាំងបី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។
ជាមួយគ្នានេះ, ប្រមុខរដ្ឋាភិបាលទាំងបី បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល (អគ្គិសនី), ទេសចរណ៍ ព្រមទាំងសន្តិសុខ និងការពារជាតិ ។ ជាមួយគ្នានេះ, ប្រមុខរាជរដ្ឋាភិបាលទាំងបី ក៏បានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ៕