(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅបន្ទប់សវនាការអគ្គបញ្ជាការដ្ឋាននារាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឧត្តមនាវីឯក វៃ វិនហ៊ួយ ( WEI WENHUI ) មេបញ្ជាការរងតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបញ្ជាការដ្ឋានតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន មកបំពេញទស្សនកិច្ច ជាផ្លូវការ និងមិត្តភាពនៅកម្ពុជា និងចូលរួមពិធីបិទសមយុទ្ធ «នាគមាស ២០២៥» រវាងកងទ័ពកម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។
នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជម្រាបជូនឧត្តមនាវីឯក វ័យ វិនហួយ អំពីដំណើរការធ្វើសមយុទ្ធរួមគ្នាលើកទី៧ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ថា បានប្រព្រឹត្តទៅដោយមានភាពរលូន និងទទួលបានជោគជ័យ ទាំងប្រតិបត្តិការសមយុទ្ធរួមគ្នាលើដីគោក អាកាស និងសមយុទ្ធរួមគ្នាលើលំហសមុទ្រ និងអាកាស នៅលើទឹកដីកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការហ្វឹកហាត់រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំងពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបានពិនិត្យឃើញថា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយកម្លាំងចូលរួមសមយុទ្ធ កងទ័ពទាំងពីរ មានកិច្ចសហការល្អ ការប្រាស្រ័យទាក់ទង ការសាមគ្គីភាពគ្នាជាធ្លុងមួយ ជំរុញឱ្យប្រតិបត្តិការសមយុទ្ធរួមគ្នា «នាគមាស២០២៥ កម្ពុជា-ចិន» លើកទី៧នេះ បានប្រព្រឹត្តទៅដោយភាពរលូន សុវត្ថិភាព ទាំងមនុស្ស សពា្វវុធ គ្រឿងយុទ្ធោបករណ៍ និងទទួលជោគជ័យលើទីលាន។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជម្រាបឧត្តមនាវីឯក វ៉ៃ វិនហួយ ផងដែរថា ថ្វីត្បិតការធ្វើលំហាត់សមយុទ្ធរួមគ្នាមានរយៈពេលខ្លី ហើយអាកាសធាតុ ពេលខ្លះក្តៅខ្លាំង និងពេលខ្លះមានភ្លៀងធ្លាក់ជោកជាំ ដែលជាឧបសគ្គដល់កងកម្លាំងប្រតិបត្តិការកងទ័ពទាំងពីរ បើទោះបីប្រើភាសាក្នុងការប្រាស្រ័យទាក់ទង ក្នុងការងារខុសគ្នាយ៉ាងណាក៏ដោយ តែសកម្មភាព និងកាយវិកា គឺដូចជាប្រើភាសាតែមួយ ជនជាតិតែមួយទាំងការធ្វើលំហាត់សមយុទ្ធរួមគ្នា លើដីគោក និងអាកាស និងលំហាត់សមយុទ្ធក្នុងលំហសមុទ្រ និងដែនអាកាស ពិសេសការលេងកីឡារួមគ្នា ការសម្ដែងសិល្បៈរួមគ្នាជាដើម។
ឧត្តមនាវីឯក វៃ វិនហួយ បានវាយតម្លៃខ្ពស់អំពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ចាប់តាំងពីថ្នាក់ដឹកនាំកំពូលពីជំនាន់មុន ពិសេសតាមរយៈនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ស៊ី ជិនពីង នៅកម្ពុជាកាលពីពេលថ្មីៗនេះ។
តាមរយៈសមយុទ្ធរួមគ្នាចិន-កម្ពុជា លើកទី៧នេះដែរ ឧត្តមនាវីឯក វ៉ៃ វិនហួយ បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពប្រទេសយើងទាំងពីរត្រូវបានរៀបចំឡើងក្រោមទម្រង់បញ្ចូល និងចែកជាក្រុមហ្វឹកហ្វឺន ដើម្បីសម្រួលពិភាក្សាក្នុងការផ្លាស់ប្ដូរមតិយោបល់ បទពិសោធន៍ ដើម្បីជំរុញឱ្យការអនុវត្តសមយុតរួមគ្នាលើកនេះកាន់តែមានប្រសិទ្ធភាព និងការរីកចម្រើនជាលំដាប់ស្របតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។
ឧត្តមនាវីឯក វៃ វិនហួយ បានបញ្ជាក់បន្ថែមថា ការជឿទុកចិត្តគ្នាទៅវិញទៅមក ផ្នែកនយោបាយរហូតដល់ពេលបច្ចុប្បន្ននេះ សមយុទ្ធនាគមាស រវាងកងទ័ពប្រទេសទាំងពីរបានរៀបចំឡើងដោយទទួលបានជោគជ័យចំនួន ៦លើករួចមកហើយ។ មួយលើកៗនៃប្រតិបត្តិការសមយុទ្ធ កាន់តែមានទំហំធំទៅៗ និងទំនើបទៅៗ។
ឧត្តមនាវីឯកបន្ថែមថា លំហាត់សមយុទ្ធរួមគ្នាលើកទី៧នេះ គឺជាលំហាត់ ដែលនឹងធ្វើឱ្យកាន់តែធំ និងមានលក្ខណៈទំនើបទាំងកម្លាំងកងទ័ពពោរពេញដោយសមត្ថភាព ទំនើបទាំងសព្វាវុធ និងបច្ចេកវិទ្យា ទាន់សម័យឌីជីថល ហ្នឹង AI នាពេលបច្ចុប្បន្ននេះ។ តាមរយៈសមយុទ្ធរួមគ្នានាគ មាស២០២៥នេះដែរ លោកសង្ឃឹមថា និងត្រួសត្រាយផ្លូវ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ ការបង្កើនទំនុកចិត្ត ការបង្កើនសមត្ថភាពលើប្រតិបត្តិការនៃការប្រើប្រាស់កម្លាំង គ្រប់មធ្យោបាយរបស់កងទ័ពទាំងពីរ ដើម្បីទប់ទល់និងសភាពការណ៍ បញ្ហាប្រឈមនានា ដែលបង្កឡើងដោយក្រុមភេរវកម្មជាតិ អន្តរជាតិ និងក្នុងតំបន់។ មួយវិញទៀត សមយុទ្ធនេះនឹងរួមចំណែកការពារសន្តិភាព ក្នុងតំបន់ និងពិភពលោក ដោយគ្មានការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅ៕