(ត្បូងឃ្មុំ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) និងលោកជំទាវ លឹម ទៀង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ប្រគេនដល់ព្រះសង្ឃ និងជូនពុទ្ធបរិស័ទចំណុះជើងវត្តជ្រៃបិទមាស នៅក្នុងសីមាវត្តជ្រៃបិទមាស ស្ថិតក្នុងភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ សមិទ្ធផលដែលទទួលបាននេះ ដោយសារការចូលរួមដោយទឹកចិត្តសទ្ឋាជ្រះថ្លា របស់សមាជិក សមាជិកា ព្រឹទ្ធសភាក្រុមទីប្រឹក្សា និងសហការីរបស់លោកអនុប្រធានទី១ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ក្រោមការផ្តួចផ្តើមគំនិតរបស់ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ដើម្បីតម្កល់ទុកជាសម្បត្តិវប្បធម៌ ព្រះពុទ្ធសាសនា និងសម្រាប់សង្គមជាតិ រួមមាន ឧបដ្ឋានសាលា បន្ទប់ទឹក ទ្វារបង្អូច សិតព្រះពុទ្ធរូបស្ពាន់ និងការចាក់សាបបេតុងទីធ្លា ដោយចំណាយអស់ទឹកប្រាក់សរុប ៦៧,៨២២ដុល្លារអាម៉េរិក។

នៅក្នុងឱកាសនៃការសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងអ្នកចូលរួមទាំងអស់ លោកអនុប្រធានទី១ ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានជម្រាបជូន អង្គពិធីទាំងមូលអំពីអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងទាំង២ របស់ព្រឹទ្ធសភា គឺ «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត» ដែលជាអនុសាសន៍ប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោប្រធានព្រឹទ្ធសភា សម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ ក្នុងការអនុវត្តការងារចុះជាប់ជួបប្រាស្រ័យជាប្រចាំជាមួយប្រជាជន នៅតាមមណ្ឌលភូមិភាគរបស់ខ្លួន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់សំណូមពរ និងបញ្ហាប្រឈមទាំងឡាយ នៅតាមមូលដ្ឋានថ្នាក់ក្រោមជាតិសម្រាប់ជាគុណប្រយោជន៍របស់ប្រជាជនទាំងអស់ ដោយគ្មានការរើសអើងបក្សពួក។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានរំឭកឡើងវិញអំពីប្រវត្តិសាស្រ្តដ៏ខ្មៅងងឹត និងបទពិសោធដ៏ល្វីងជូរចត់ ដែលប្រជាជនខ្មែរនៅទូទាំងប្រទេស បានឆ្លងកាត់ក្នុងភ្នក់ភ្លើងសង្រ្គាម ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយខ្ទេចខ្ទាំស្ទើរសូន្យសុង និងបានគូសបញ្ជាក់ពីការចងចាំជានិច្ចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចទាំងបី, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងជាពិសេសសម្តេចតេជោ ហ៊ុន សែន រួមជាមួយនឹងវីរជនស្នេហាជាតិដទៃទៀត ក្នុងការរំដោះប្រទេសជាតិមាតុភូមិនិងសាសនា, ក្នុងការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងការកសាងប្រទេសជាតិមាតុភូមិ លើគ្រប់វិស័យឱ្យមានភាពរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន។

លោកបានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងអស់ដែលយើងទទួលបាននិងភាពរីកចម្រើន ជាបន្តបន្ទាប់ ដូចសព្វថ្ងៃ គឺកើតចេញពី «ម្លប់នៃសន្តិភាព» និងគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុង ទាំងកម្លាំងនយោបាយនិងយោធា របស់ខ្មែរក្រហម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ វីរភាព និងគុណបំណាច់ដ៏ធំធេងនៅក្នុងការដឹកនាំប្រទេសជាតិប្រកបដោយបញ្ញាញាណឈ្លាសវៃ នៅលើមាគ៌ា សុខសន្តិភាព និងការរីកចម្រើន របស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាប៉ណ្ណោះទេ ក៏ប៉ុន្តែត្រូវបានថ្នាក់ដឹកនាំបណ្តាប្រទេសជាមិត្តគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ក្នុងការបញ្ចប់ជម្លោះដោយមិនប្រើកម្លាំង និងពលីកម្មរបស់សម្តេច ដើម្បីសន្តិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេស ព្រមទាំងចាត់ទុកសម្តេចតេជោជារដ្ឋបុរសចាស់ទុំដ៏គួរឱ្យគោរពនៅក្នុងតំបន់។

ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន បានទទួលនូវ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ពីក្រុមប្រឹក្សាសាកលដើម្បីមនុស្សជាតិនិងភាពអត់ឱន នាសម័យប្រជុំពេញអង្គលើកទី១១ នៃអន្តរសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ កាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយកាលពីដើមខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ប្រធានាធិបតីនៃទីម័រឡេស្តេ ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បានប្រគល់គ្រឿងឥស្សរិយយសជាតិខ្ពស់បំផុតរបស់ប្រទេសជូនដល់សម្តេចតេជោ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ទីក្រុងឌីលី។

ដោយឡែក កាលពីសប្តាហ៍មុន លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលបានធ្វើឡើង នៅទីក្រុងញូវយ៉ក។

លោកអនុប្រធានទី១ ព្រឹទ្ធសភា បានសម្តែងនូវមោទនភាព និងកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ នៅក្នុងក្រុងសួង និយាយដោយឡែក និងនិយាយជារួម ក្នុងខេត្តត្បូងឃ្មុំទាំងមូល ក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំដែលប្រកបដោយឆន្ទៈដ៏មោះមុត ធ្វើឱ្យសម្រេចបាននូវស្នាដៃជាច្រើន មានការអភិវឌ្ឍលើ គ្រប់វិស័យ ជូនប្រជាជនក្នុងខេត្ត ស្របតាមទិសដៅនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមពលនិងភាពស្វាហាប់បំផុត។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពជាតិ រក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ការរក្សាការពារទឹកដី ឯករាជ្យ អធិតេយ្យជាតិ វិបុលភាព និងការអភិវឌ្ឍប្រទេសជាតិ។

អង្គពិធីខាងលើបានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន ទី២ ព្រឹទ្ធសភា, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំសមាជិក-សមាជិកាព្រឹទ្ធសភា, ថ្នាក់ដឹកនាំអគ្គលេខាធិការព្រឹទ្ធសភា,ទីប្រឹក្សា, សមាជិកក្រុមប្រឹក្សាខេត្ត, ថ្នាក់ដឹកនាំខេត្ត, ស្នងការខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មន្រ្តីរាជការនៃមន្ទីរជំនាញជុំវិញខេត្ត,នាយករដ្ឋបាលខេត្តត្បូងឃុំ, សមាជិកក្រុមប្រឹក្សាទាំង ២សង្កាត់នៃក្រុងសួង, ថ្នាក់ដឹកនាំនិងអាជ្ញាធរក្រុងសួង, ប្រជាការពារ, តាជី ដូនជី, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ យ៉ាងច្រើនកុះករប្រមាណច្រើនជាង ២,០០០នាក់។

ជាចុងបញ្ចប់ លោកអនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការសម្រាប់បន្តកសាងសមិទ្ធផលផ្សេងៗទៀតក្នុងវត្ត និងចែកជូនអំណោយដល់តាជី-ដូនជី, សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង២ នៃក្រុងសួង, ក្រុមគ្រូពេទ្យ, លោកគ្រូ អ្នកគ្រូ,យុវជនកាយរិទ្ធកម្ពុជា, យុវជនកាកបាទក្រហម, យុវជន.ស.ស.យ.ក,សិស្សានុសិស្ស, រដ្ឋបាលក្រុងសួង, កងកម្លាំងទាំង ៣ប្រភេទ និងប្រជាការពារ ព្រមទាំងអញ្ជើញកាត់ខ្សែបូជានិមិត្តរូបនៃការសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នូវឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅក្នុងសីមាវត្តជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ចាប់ពីពេលនេះតទៅ...៕