(ភ្នំពេញ)៖ ដោយមើលឃើញការរីករាលដាលនៃការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិកនាពេលបច្ចុប្បន្ន ជាពិសេសទៅលើសិស្សានុសិស្ស ដែលកំពុងស្ថិតនៅក្នុងវ័យសិក្សានោះ អង្គការចលនា​ដើម្បីសុខភាពកម្ពុជា (CMH) នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះផ្ស​ព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិក និងមូលហេតុដែលនាំឱ្យឈានដល់ការប្រើប្រាស់បារីនេះ ដល់សិស្សានុសិស្សនៃអង្គការ ដើម្បីភាពញញឹមនៃកុមារ (PSE) ប្រមាណជិត ៣០០នាក់។

ចុះផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការប្រើប្រាស់បារីអេឡិចត្រូនិក របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា ដល់សិស្សានុសិស្សនៃអង្គការ PSE នេះ ក៏ស្របទៅទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៥ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ខាងក្រោមនេះ ក្រោមប្រធានបទ «ការលាតត្រដាងល្បិចកលបិទបាំងការពិតនៃផលិតផលថ្នាំជក់ និងផលិតផលនីកូទីន»

លោក សុង ឌឿរ៉ាក់ តំណាងលោកវេជ្ជ មុំ គង់ យកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានបញ្ជាក់ថា បច្ចុប្បន្ននេះគេសង្កេតឃើញថា មានការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក តាមតាមប្រព័ន្ធ​អនឡាញ​​ជាច្រើនមានដូចជា Facebook ,Tik Tok, Telegram ជាដើម ក្រោមរូបភាពមួយចំនួនដូចជា ការវេចខ្ចប់ផលិតផលឱ្យមានភាពទាក់ទាញជាងមុន ការផ្សាយលក់ផលិតផលនៅកន្លែង ដែលកុមារ​ទៅញឹកញាប់ ការផ្សព្វផ្សាយដោយប្រើបំភ័នថាបារីរអេឡិចត្រូនិកជាម៉ាស៊ីនផ្ដាច់បារី មានក្លិនក្រអូប មិនប៉ះពាល់សុខភាពជាដើម។

លោក សុង ឌៀរ៉ាក់ បានបន្ថែមថា ឧស្សាហកម្មថ្នាំជក់បានធ្វើយុទ្ធសាស្ត្រទីផ្សារបែបនេះ ដើម្បីទាក់ទាញអតិថិជនថ្មីៗ ជាពិសេសកុមារ និងយុវជនសម្រាប់ជំនួសអតិថិជនចាស់ៗដែលបានឈប់ប្រើប្រាស់ និងបានស្លាប់ដោយជំងឺដែលបង្កឡើងដោយថ្នាំជក់។ យោងទៅតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញថា ប្រភពចម្បងនៃការចែកចាយនៃបារីអេឡិចត្រូនិកគឺ តាមប្រព័ន្ធអនឡាញ រួមមាន៖ Facebook ,Tik Tok, Telegram , Instagram និងYouTubeជាដើម (៨២%)។

តាមការបញ្ជាក់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានបង្ហាញថា កុមារ និងយុវជនងាយនឹងទទួលរងផលប៉ះពាល់ ដែលបណ្តាលមកពីការឃោសនា ផ្សាយពាណិជ្ជកម្មថ្នាំជក់ ដែលធ្វើឱ្យពួកគេ​មានអាកប្បកិរិយា​ទោរទន់ ចង់ជក់បារីច្រើនឡើង ហើយគិតថាការប្រើប្រាស់ថ្នាំជក់ជារឿងធម្មតា មិនមានផលប៉ះពាល់អ្វីទាំងអស់។ ផ្ទុយទៅវិញ មានភស្តុតាងជាច្រើនបានបង្ហាញថា​ការប្រើប្រាស់បារីអេឡិចត្រូនិក​បានបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដូចជា៖ ធ្វើឱ្យញៀន កើតជំងឺមហារីកសួត រលាកសួត ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងអាចបាត់បងជីវិត។

ចំណែកឯអ្នកស្រូបចំហាយបារីអេឡិចត្រូនិក ដោយប្រយោលពីគេ ក៏អាចមានផលប៉ះពាល់ កើតជំងឺដូចអ្នកជក់ដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាកត្តាជំរុញឱ្យ កុមារ និងយុវជនឈានទៅប្រើប្រាស់គ្រឿងញៀន​ខុសច្បាប់ផ្សេងៗ។

នាឱកាសនោះដែរសិស្សានុសិស្សនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ក៏បានសម្តែងក្តីបារម្ភអំពីបញ្ហាបារីអេឡិចត្រូនិក កើតមានឡើងនៅក្នុងសាលាខ្លួន និងនៅក្នុងមូលដ្ឋានដែលខ្លួនរស់នៅ និងបានផ្តួចផ្តើ​ម​គំនិត​សម្តែងរឿងអប់រំខ្លី ស្ដីពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក និងមូលហេតុដែលនាំឱ្យកុមារ និងយុវជនចាប់ផ្ដើមប្រើប្រាស់បារីអេឡិចត្រូនិកផងដែរ។

សូមបញ្ជាក់ដែរថា យោងទៅតាមអង្គការសុខភាពពិភពលោក បានលើកឡើងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៥ ផ្តោតលើការចូលរួមផ្សព្វផ្សាយឱ្យទូលំទូលាយដល់សាធារណជនទូរទៅឱ្យយល់ដឹង អំពីល្បិចកលរបស់ឧស្សាហករថ្នាំជក់ ដែលព្យាយាមបិទបាំងពីគ្រោះថ្នាក់នៃផលិតផលរបស់ខ្លួន តាមរយៈការផលិតបារីអេឡិចត្រូនិក ដូចទៅនឹងភេសជ្ជៈ ទឹកដោះគោ ស្ករគ្រាប់ តុក្កតា និងរបស់ប្រើប្រាស់​ដែលទាក់ទាញផ្សេងៗ ហើយបានបន្ថែមសារធាតុផ្តល់រសជាតិ ផ្តល់ក្លិន និងសារធាតុនីកូទីននៅក្នុងបារីអេឡិចត្រូនិក ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនពិបាកក្នុងការផ្តាច់។

តាមរយៈការលាតត្រដាងយុទ្ធសាស្ត្រទាំងនេះ នឹងជួយបំភ្លឺដល់ប្រជាជនទូទៅឱ្យបានដឹងអំពីគ្រោះថ្នាក់នៃផលិតផលទាំងនេះ និងអាចចូលរួមកាត់បន្ថយផលប៉ះពាល់សុខភាពនិងបង្ការអ្នកស្លាប់ដោយសារ​ការប្រើប្រាស់បារីអេឡិចត្រូនិក៕