(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសគឺការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសជិតខាងទាំងពីរឲ្យច្រើនឡើង ក្នុងរដូវកាលបៃតងនេះ។
ការណ៍នេះ ក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Nguyễn Minh Vũ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ កម្ពុជា-វៀតណាម នឹងផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់ គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដោយបង្កើនការហោះហើរត្រង់ និងទៀងទាត់ពីទីក្រុងធំៗ របស់វៀតណាមមកតំបន់ទេសចរណ៍កម្ពុជា ការសំរួលបែបបទធ្វើដំណើរ ព្រមទាំងកិច្ចសហការរៀបចំព្រឹត្តការណ៍ទេសចរណ៍ជាលក្ខណៈអន្តរជាតិថ្មីៗ និងទាក់ទាញ។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ រដ្ឋមន្ត្រី ហួត ហាក់ និងលោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវទស្សនៈរូមគ្នាថាទេសចរណ៍ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ចាត់ទុកថាមានសារៈសំខាន់ក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងបានជួយលើកកម្ពស់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។
សូមជម្រាបថា កំណើនចំនួនទេសចរវៀតណាមមកកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អរបស់កម្ពុជាដែលធ្វើកម្ពុជាត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍មានសុខសុវត្តិភាពខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័សលើគ្រប់វិស័យពីសំណាក់អ្នកទេសចរ និងធុរជនវៀតណាម និងអន្តរជាតិ៕