(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ចំពោះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា មិនមែននរណាចេះតែឱ្យនាវាបរទេសចូលចត និងធ្វើទស្សនកិច្ចនោះទេ ការចូលមកមូលដ្ឋាននេះត្រូវមានលក្ខខណ្ឌពិសេស ត្រូវមានលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព ហើយសម្រាប់មូលដ្ឋានកងទ័ព គឺមិនចេះតែអនុញ្ញាតឱ្យភាគីមិត្តអាចមកចូលចត ឬទស្សនាគ្រប់ទីតាំងបានឡើយ។

បញ្ហាមូលដ្ឋានកងទ័ពរាម ជារើយៗកម្ពុជាធ្លាប់រងការរិះគន់ពីសំណាក់បរទេសមួយចំនួន ដែលគេចោទថា ជាមូលដ្ឋានរបស់កងទ័ពចិននៅក្នុងប្រទេសកម្ពុជា។ ទាក់ទិននឹងបញ្ហានេះ កម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ជារដ្ឋអធិបតេយ្យដែលមានសិទ្ធិពេញលេញក្នុងការកសាង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បីបម្រើប្រយោជន៍ឱ្យប្រទេសជាតិ និងប្រជាជន ហើយកិច្ចសហប្រតិបត្តិការទាំងអស់នោះសុទ្ធតែស្របតាមគោលបំណង និងគោលការណ៍នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ រដ្ឋធម្មនុញ្ញ បានបញ្ជាក់យ៉ាងច្បាស់ហើយថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ព បរទេសនៅលើទឹកដីរបស់ខ្លួននោះទេ ហើយកម្ពុជាក៏មិនបញ្ជូនទ័ពរបស់ខ្លួនឱ្យទៅចូលរួមនៅក្នុងជម្លោះនៅក្រៅប្រទេសដែរ ក្រៅតែពីការចូលរួមដល់ការរក្សាសន្តិភាពពិភពលោក តាមរយៈប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ការចេញមកបញ្ជាក់បន្ថែមបែបនេះរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា​បានធ្វើឡើងនៅចំពោះមុខអនុព័ន្ធយោធាបណ្តាប្រទេសជាមិត្ត ក្នុងពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបញ្ជាក់ថា ការបើកជាផ្លូវការឱ្យចូលចតនៅមូលដ្ឋានសមុទ្ររាម គឺមិនមែនសំដៅទៅលើថាអ្នកណាក៏អាចចូលមកដល់មូលដ្ឋានសមុទ្ររាមរបស់យើងបានទេ វាត្រូវតែមានលក្ខខ័ណ្ឌពិសេស លក្ខខ័ណ្ឌនៃការទំនាក់ទំនង លក្ខខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការកងទ័ព និងកងទ័ព លក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក និងជើងទឹក ទើបអាចបើកឱ្យចូលក្នុងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមបាន»

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា កម្ពុជាបានបើកស្វាគមន៍រាល់ភាគីមិត្តទាំងអស់ សម្រាប់នាវាយោធាចូលចតនៅមូលដ្ឋានកងទ័ពរាម របស់កម្ពុជា ដោយមាននាវាចម្បាំងរបស់ភាគីមិត្តជាច្រើនក៏បានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាម រួចទៅហើយ។ ប៉ុន្តែ ចំណុចនេះ នៅតែមានជ្ឈដ្ឋានអគតិមួយចំនួនមិនអស់ចិត្តដោយលើកឡើង និងចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ថាបានបិទបាំងដោយត្រឹមអនុញ្ញាតឱ្យចូលតែមួយផ្នែកនៃមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមទៅវិញ ព្រមទាំងដាក់ជាមន្ទិលសង្ស័យថារដ្ឋាភិបាលកម្ពុជា លាក់បាំងអាថ៍កំបាំងនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ជាដើម។

«ខ្ញុំសូមបញ្ជាក់មូលដ្ឋានសមុទ្ររាម គឺជាទីបញ្ជាការមួយរបស់កងទ័ពជើងទឹកកម្ពុជា ដូច្នេះហើយ គឺមានទីតាំងខ្លះដែលយើងអាចឱ្យភាគីមិត្តចូលមកទស្សនា និងធ្វើសមយុទ្ធរួមគ្នា យើងបានសាងសង់នូវអគារស្នាក់នៅ កន្លែងសំចតជូនទៅដល់នាវាចម្បាំង ក៏ដូចជាភាគីមិត្តចូលមកសម្រាក ហើយមានអគារខ្លះគឺជាទីបញ្ជាការដ្ឋានរបស់កងទ័ពកម្ពុជា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា។

ត្រង់ចំណុចនេះ ត្រូវបានឧបនាយករដ្ឋមន្ត្រី ទៀ សីហា ​បានបន្តថា ហេតុនេះហើយ គឺកម្ពុជាមានទីតាំងសំខាន់ៗសម្រាប់ការពារ និងទីតាំងខ្លះទៀត ត្រូវបើកចំហ។ ចំពោះករណីមិនអនុញ្ញាតឱ្យបរទេសចូលចត ឬមកទស្សនាទីតាំងសំខាន់ៗរបស់កងទ័ពបាន គឺមិនមែនមានតែកម្ពុជានោះទេ ប៉ុន្តែ គ្រប់បណ្តាប្រទេសនៅលើពិភពលោកក៏មានកន្លែងដែលហាមឃាត់មិនឱ្យបរទេសចូលចត និងទស្សនាបានដូចមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមកម្ពុជា ផងដែរ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានលើកឧទាហរណ៍សាមញ្ញតូចមួយថា ទោះបីហាងកាហ្វេតូចមួយ ឬក្រុមហុនឯកជន ក៏មានកន្លែងហាមឃាត់មិនឱ្យចូលផងដែរ ឬទ្វាចូលខ្លះក៏គេដាក់ថា គ្មានភារកិច្ចហាមចូល។ ត្រង់ចំណុចនេះ សូមចោទជាសំណួរថា ហេតុអីមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ដែលជាកន្លែងរក្សាការសម្ងាត់យោធាកម្ពុជា បែរជាមិនមានសិទ្ធិហាមឃាត់មិនឱ្យភាគីមិត្តចូលទស្សនាបាន។

ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានប្រាប់ទៅភាគីមិត្តមួយចំនួន ព្រមទាំងអ្នកវិភាគឱ្យមានការយោគយល់ ពីព្រោះកម្ពុជា ធ្វើបែបនេះដើម្បីការពារបូរណភាពទឹកដី ការពារសិទ្ធិរបស់កម្ពុជា ហើយកម្ពុជា ក៏ការពារ និងគោរពសិទ្ធិរបស់ភាគីមិត្តទាំងអស់ដែលមានបំណងសហការជាមួយកងទ័ពកម្ពុជា ក៏ដូចជាកងទ័ពជើងទឹកនៅឯមូលដ្ឋានសមុទ្ររាម ហើយកងទ័ពកម្ពុជា មិនមែនសហការជាមួយតែកងទ័ពរំដោះប្រជាជនចិន តែមួយនោះទេ។ ប៉ុន្តែ កងទ័ពកម្ពុជា ស្វាគមន៍សហការរាល់ភាគីមិត្តទាំងអស់ ដោយមិនប្រកាន់ជាដាច់ខាត។

រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា ជាក់ស្តែងសម្រាប់ការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីកម្ពុជា បង្ហាញឱ្យឃើញថា ភាគីមិត្តបានចូលរួមចំណែកផ្តល់ជាជំនួយយោធា ផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពជើងគោក ជើងអាកាស និងជើងទឹក ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជា លើការងារការពារអធិបតេយ្យភាព បូរណភាពទឹកដីផងដែរ៕