(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាវបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅនីតិកាលទី៧នេះ ទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រកម្ពុជា-ចិន មិនមានការថមថយទេ មានតែរីកចម្រើន រឹងមាំថែមទៀត។
នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកអញ្ជើញជាអធិបតីបិទសមយុទ្ធនាគមាសឆ្នាំ២០២៥ រវាងកងទ័ពកម្ពុជា-ចិន ដែលបានធ្វើឡើងនៅភ្នំជុំសែនរីករាយ។
ថ្លែងនាឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះមានអ្នកវិភាគមួយចំនួន ក៏ដូចជាសារព័ត៌មានមួយចំនួនតែងតែយកចិត្តទុកដាក់ និងតាមដានការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយលើកឡើងថា ការទំនាក់ទំនងកម្ពុជា-ចិន មានការថយចុះដោយមើលឃើញថា ការដឹកនាំរបស់សម្តេច ក៏ដូចជាគណៈរដ្ឋមន្ត្រី គឺពឹងផ្អែកលើប្រទេសផ្សេងៗ។
ពាក់ព័ន្ធនឹងចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងដូចនេះថា «ជាមួយនឹងកិច្ចសហប្រតិបត្តិការជាផ្លែផ្កាកន្លងមក និងបានឈានទៅដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលកន្លងមក [..] ខ្ញុំសូមបញ្ជាក់ថា ការទំនាក់ទំនងកាទូតជាប្រវត្តិសាស្ត្រ ហើយមានភាពស្និទ្ធស្នាលយ៉ាងរឹងមាំ រវាងប្រទេសយើងទាំង២ យើងអាចឆ្លើយតបបានថា ជាការវាយប្រហារ ដើម្បីបំបែកសាមគ្គីភាពរវាងកម្ពុជា និងចិន ជាពិសេសគឺរវាងកងទ័ព និងកងទ័ពរបស់ប្រទេសទាំង២»។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ជាថ្មីទៀតថា បន្ទាប់ពីយើងបានឃើញនូវសមិទ្ធផល និងលំហូរពាណិជ្ជកម្ម ក៏ដូចជាលំហូរការឧបត្ថម្ភផ្នែកយោធាមកដល់កម្ពុជា ពីភាគីមិត្តចិន ក្នុងនោះកាលពីពេលកន្លងមកថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីការទំនាក់ទំនងរវាងកម្ពុជា និងចិន នាពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមូលដ្ឋានសមុទ្ររាម ស្របនឹងសក្ខីភាពរបស់លោក ស៊ី ជិនភីង ប្រធានាធិបតីចិន ដែលបានធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា បានបង្ហាញឱ្យឃើញពីភាពជិតស្និទ្ធ និងការពង្រឹងនូវសាមគ្គីភាពរវាងប្រទេសទាំង២ កាន់តែឈានទៅមុខផងដែរ៕