(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់របស់ខ្លួនយ៉ាងសំខាន់ ជាមួយនឹងការចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ ដែលមានគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័នអយ្យការ និងប្រយុទ្ឋប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងលោក អ៊ុហ្គ័រ ក្រាស្លូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។

កិច្ចពិភាក្សានៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្តោតលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា នាខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងភ្នំឌីវ៉ូស្តុក ដោយបានលើកឡើងនូវបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖

*ទី១៖ ការពិភាក្សាតុមូលដែលគ្រោងនឹងរៀបចំនៅសហព័ន្ធរុស្ស៊ីលើប្រធានបទ៖ «រចនាសម្ព័ន្ធភារកិច្ច និងការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា ការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងសកម្មភាពការងាររបស់ស្ថាប័នអយ្យការ។ ទស្សនវិស័យ នៃការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការងាររបស់ស្ថាប័នអយ្យការ»

*ទី២៖ កិច្ចប្រជុំអ្នកជំនាញដែលគ្រោងនឹងរៀបចំនៅព្រះរាជាណាចក្រកម្ពុជាលើប្រធានបទ៖ «តួនាទីរបស់ព្រះរាជ អាជ្ញា/រដ្ឋអាជ្ញាក្នុងការស៊ើបអង្កេត និងការចោទប្រកាន់រាល់បទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសឆ្លងដែន»

*ទី៣៖ មហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា តំណាងការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងសាកលវិទ្យាល័យនៃការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ត្រូវចូលរួមក្នុងសកម្មភាព បណ្តុះបណ្តាល(បាឋកថា) ដែលនឹងរៀបចំឡើងសម្រាប់ព្រះរាជអាជ្ញា/រដ្ឋអាជ្ញានៃរដ្ឋទាំងពីរ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ផ្អែកទៅតាមការព្រមព្រៀងគ្នា

*ទី៤៖ ការផ្លាស់ប្តូរ ការបោះពុម្ពផ្សាយរបស់ស្ថាប័ន ការបោះពុម្ពផ្សាយបែបវិទ្យាសាស្ត្រ និងឯកសារវិធីសាស្ត្រ ទាក់ទងនឹងវិស័យសំខាន់ៗនៃសកម្មភាព ព្រះរាជអាជ្ញា/រដ្ឋអាជ្ញា រវាងស្ថាប័នអយ្យការនៃសហព័ន្ធរុស្ស៊ី និងព្រះរាជាណា ចក្រកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោក អ៊ុហ្គ័រ ក្រាឆ្លូវ (Igor Krasnov) និងប្រតិភូ៖

*បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហ មុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា; ការជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា; លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល; លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌; លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ; និងលោកកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ។

*បានអញ្ជើញទៅដាក់កូរ៉េនផ្កា គោរពវិញ្ញាណក្ខន្ឋនៅវិមានឯករាជ្យ និងនៅរូបសំណាក់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតន កោដ្ឋ» ដោយមានការអមដំណើររបស់ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។

លោក អ៊ុហ្គ័រ ក្រាឆ្លូវ និងគណៈប្រតិភូ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅល្ងាច ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៥ ដោយមានការជូនដំណើរពីលោក កើត រិទ្ឋ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបក្នុងវិស័យយុត្តិធម៌៕